ឯកឧត្តម វង្សី វិស្សុត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ខេត្តកំពង់ធំ


នាព្រឹកថ្ងៃសៅរ៍ ១៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ខេត្តកំពង់ធំ។

សូមជម្រាបថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោងដែលសម្ពោធនាពេលនេះ មានទីតាំងស្ថិតនៅភូមិទទា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ អគារនេះមានទំហំ ៤៦,៥០ម៉ែត្រ គុណ ៣៤,០៥ម៉ែត្រ មានសាលប្រជុំធំចំណុះប្រមាណ ១០០០នាក់ មានបន្ទប់ទទួលភ្ញៀវ បន្ទប់ការិយាល័យ បន្ទប់បច្ចេកទេស បន្ទប់ដាក់សម្ភារៈ បន្ទប់ទឹក ព្រមទាំងមានបំពាក់សម្ភារៈ និងបរិក្ខារទំនើបផងដែរ។

ក្នុងរបាយការណ៍បូកសរុប ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានគូសបញ្ជាក់ថា ក្នុងរយៈពេលកន្លងមកនេះ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោងគ្រប់លំដាប់ថ្នាក់ បានរួមគ្នាជាកម្លាំងសរុប អនុវត្តនូវភារកិច្ចជាអាទិភាពរបស់ខ្លួនដោយផ្តោតលើការដ្ឋានការងារសំខាន់ៗចំនួនបីគឺ៖ ទី១)ការដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រជាជនពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃ ប្រាក់ចំណូល ការងារ និងការប្រកបអាជីវកម្មផ្សេងៗ ទី២)ការកសាង និងពង្រឹងគណបក្ស ដោយផ្តោតជាពិសេសលើយុវជនដែលជាកម្លាំងបន្តវេនដ៏សំខាន់ និង ទី៣)ការទប់ស្កាត់នូវរាល់ឧបាយកលទុច្ចរិត ដើម្បីរក្សាសន្តិភាព និងភាពសុខសាន្តជូនប្រជាជន។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា សំណង់អគារថ្មីនេះ ដើរតួនាទីយ៉ាងសំខាន់បម្រើឱ្យការបំពេញភារកិច្ចរបស់មន្ត្រីគណបក្ស ការរៀបចំកិច្ចប្រជុំ និងការជួបជុំនានារបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅក្នុងមូលដ្ឋាន និងបង្ហាញអំពីការចាក់គ្រឹះនិងជាមូលដ្ឋានឈរជើងដ៏រឹងមាំ ដែលមានរចនាសម្ព័ន្ធចាត់តាំង និងការកំណត់របៀបរបបការងារច្បាស់លាស់ ព្រមទាំងមានចក្ខុវិស័យមុតស្រួចក្រោមមាគ៌ាដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ព្រមទាំងសម្តេចអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀត ជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់នៅក្នុងមូលដ្ឋានខេត្តកំពង់ធំ។

ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រុមការងារសម្រេចបាន ក្នុងការបំពេញតួនាទីភារកិច្ចដ៏ថ្លៃថ្លាជូនគណបក្ស ជាតិ និងប្រជាជន និងបានលើកទឹកចិត្តដល់ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ បន្តខិតខំអនុវត្តការងារក្នុងស្មារតីសាមគ្គីភាព ដើម្បីធ្វើឱ្យខេត្តកំពង់ធំកែប្រែមុខមាត់ថ្មី លែងជាកន្លែងដែលទៅហួសមកហួសទាំងការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍។ ជាពិសេសត្រូវបន្តធ្វើកិច្ចការទាំងនេះឱ្យជាប់ជាប្រចាំ ដើម្បីសម្រេចលទ្ធផលជាក់ស្តែង សំដៅសម្រេចបាននូវចក្ខុវិស័យក្នុងការប្រែក្លាយខេត្តកំពង់ធំជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាដើម្បីត្រៀមខ្លួនឆ្ពោះទៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នាំ២០២៧ និងឆ្នាំ២០២៨ខាងមុខនេះ៕