សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត បានផ្តល់សាឡាងមួយគ្រឿងថ្មីទៀត ជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានថ្លែងនូវការអបអរសាទរ និងសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលបានជួយឧបត្ថម្ភសាឡាងមួយគ្រឿង សម្រាប់ធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែន ដោយមិនគិតប្រាក់ ។ ដែលពិធីប្រគល់នេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅកំពង់ចម្លងឃុំដងកាំបិត ស្រុកសណ្តាន់ ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដងកាំបិតស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
លោក ឆាំ ថន អភិបាលរងស្រុកសណ្តាន់ បានថ្លែងនូវការស្វាគមន៍ចំពោះឧត្ដមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងក្រុមការងារទាំងអស់ និងសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តាមរយៈឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលបានផ្តល់សាឡាងមួយគ្រឿងសម្រាប់ប្រជាពលរដ្ឋ និងសិស្សានុសិស្សធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែនដោយមិនគិតប្រាក់នៅពេលនេះ និងសូមគោរពជូនពរសម្តេច លោកជំទាវ និងថ្នាក់ដឹកនាំទាំងអស់ដែលបានយកចិត្តទុកដាក់គ្រប់បែបយ៉ាងក្នងការបម្រើប្រជាជន ដោយអស់ពីចិត្ត ពីថ្លើម សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ កន្លងមកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រគល់ជូនកាណូតបាឡាចំនួនពីរគ្រឿង និងប្រេងឥន្ធនៈប្រចាំខែផងដែរ តាមរយៈឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សធ្វើដំណើរ បណ្តោះអាសន្នឆ្លងកាត់ដងស្ទឹងសែនដោយមិនគិតប្រាក់ ។ តែបច្ចុប្បន្ននេះ ដោយសារតម្រូវការចាំបាច់ក្នុងការដឹកជញ្ជូន ដេីម្បីធានាបានសុវត្ថិភាព សម្តេចមហាបវរធិបតី និងលោកជំទាវ តាមរយៈឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ សម្រេចផ្ដល់សាឡាងមួយគ្រឿងងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែនប្រកបដោយសុវត្ថិភាព ។
នៅក្នុងឱកាសនេះផងដែរ ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់អាជ្ញាធរដែនដី ឃុំ ភូមិ និងប្រជាពលរដ្ឋ ព្រមទាំងសិស្សានុសិស្សទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែន សូមមេត្តារួមគ្នា ជួយថែរក្សាសាឡាងមួយគ្រឿងនេះ ឲ្យបានល្អ ធានាក្នុងការប្រើប្រាស់យូរអង្វែង ជាផលប្រយោជន៍របស់ប្រជាជនយើងទាំងអស់គ្នា និងប្រកបដោយសុវត្ថិភាព ។ ហេីយនៅក្នងការដឹកជញ្ជូនមិនត្រូវយកប្រាក់ពីក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋឡេីយ ។





