ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ គ.ស ២០១៦ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ បានរៀបចំព្រឹត្តិការណ៍ សង្រ្កាន្តថ្មីសំបូរព្រៃគុក លើកទី២ ឆ្នាំ២០១៦ ក្នុងរមណីយដ្ឋានប្រវត្តិសាស្រ្ត ប្រាសាទសំបូរព្រៃគុក អតីតទឹកដីឦសានបុរៈ ដែលកសាងឡើងក្នុងសតវត្សទី៧ សម័យចេនឡា រាជឦសានវរ្ម័ន។
នេះជាឆ្នាំទី២ ហើយ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ធំ ក្នុងការប្រារព្ធព្រឹត្តិការណ៍ សង្រ្កាន្តថ្មីសំបូរព្រៃគុក នៅរមណីយដ្ឋានប្រវត្តិសាស្រ្តប្រាសាទសំបូរព្រៃគុក គឺមានគោលបំណងបំផុសឲ្យយុវជន យុវនារីយើងចេះស្គាល់តម្លៃវប្បធម៌ សីលធម៌ ដែលដូនតាយើងបន្សល់ទុកមកដូចជា ៖ ប្រាសាទបុរាណ ប្រពៃណីទំនៀមទម្លាប់ របាំ ល្បែងប្រជាប្រិយ និងវប្បធម៌ចម្រុះ។ ទាំងអស់នេះ ឲ្យយុវជន យុវនារីយើងចេះថែរក្សាការពារកេរមរតកវប្បធម៌ ឲ្យបានស្ថិតស្ថេរគង់វង្ស។ ទប់ស្កាត់ការហូរចូលនូវវប្បធម៌អវិជ្ជមានពីបរទេស លប់បំបាត់ភាពអសកម្មក្នុងសង្គមជាតិ ដែលធ្វើឲ្យប៉ះពាល់ដល់ វប្បធម៌ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិ៕