ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានាក្នុងវត្តពោធិរុក្ខាសរារាម (ហៅវត្តរ៉ងខ្នាយ) ស្ថិតក្នុងឃុំមានរិទ្ធ ស្រុកសណ្តាន់ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦។
ឯកឧត្តម នួន ផារ័ត្ន ថ្លែងថា ការរៀបចំប្រារព្ធពិធីបុណ្យកាត់ឫសសីមា និងឆ្លងសមិទ្ធផលនានា ក្នុងឱកាសនេះ បានបញ្ជាក់កាន់តែច្បាស់ថា រាជរដ្ឋាភិបាលបានផ្តល់តួនាទីយ៉ាងសំខាន់ដល់ព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន និងទៅអនាគត ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម នួន ផារ័ត្ន លើកយកនូវបញ្ហាជនខិលខូចមួយចំនួនតូច បានឆ្លៀតឱកាសកាប់ទន្ទ្រានព្រៃអចិន្ត្រៃយ៍របស់រដ្ឋរាប់សិបហិកតាស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសណ្តាន់។ ឯកឧត្តមបញ្ជាក់ទៀតថា តាមការកត់សម្គាល់ ជនល្មើសហាក់ដូចជាស្គាល់ច្បាស់ថា ទីតាំងណាជាព្រៃអចិន្ត្រៃយ៍ ហើយទីតាំងណាជាព្រៃសហគមន៍ ក្នុងគោលដៅទន្ទ្រានយកទីតាំងណាដែលអាចនឹងឈានទៅរកការតវ៉ាទាមទារឱ្យចេញបណ្ណកម្មសិទ្ធិនាពេលអនាគត។
ឯកឧត្តម នួន ផារ័ត្ន បន្តថា អាជ្ញាធរខេត្តនឹងចាត់វិធានការរឹតបន្តឹង និងការបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ប្រកបដោយតម្លាភាព និងភាពស្មោះត្រង់ គឺជាអាវុធមានប្រសិទ្ធភាពបំផុតក្នុងការប្រឆាំងនឹងអភិក្រមរបស់ជនល្មើស ដែលតែងប្រកាន់ថា «អ្នកហ៊ានគឺបាន»។ ពេលនេះ តំបន់រងការទន្រ្ទាននេះត្រូវបានកំណត់ភូមិសាស្រ្តរួចហើយ ដោយរដ្ឋបាលខេត្ត ដែលចាត់វិធានការយ៉ាងប្រាកដប្រជាថា ជនល្មើសទាំងនេះមិនត្រឹមតែនឹងមិនអាចទទួលបាននូវសិទ្ធិណាមួយនៅលើដីព្រៃដែលខ្លួនបានទន្រ្ទាននោះទេ ប៉ុន្តែផ្ទុយទៅវិញនឹងត្រូវជាប់ក្នុងអន្ទាក់នីតិវិធីតុលាការដែលបានបើកនីតិវិធីរួចហើយ ដើម្បីស្វែងរកបុគ្គលទទួលខុសត្រូវតាមច្បាប់ «កុកតែងភ្លេចជង់ តែជង់មិនដែលភ្លេចកុកទេ»។
ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្តជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីបញ្ហាពាក់ព័ន្ធរឿងព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានស្នើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ស្ងប់ចិត្ត ហើយជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន។







