ទេសរដ្ឋមន្ត្រី ថោង ខុន បានចុះទស្សនកិច្ចអំពីសក្តានុពលទេសចរណ៍ តំបន់ប្រាសាទសំបូរព្រៃគុក និងសហគមន៍ទេសចរណ៍សំបូរព្រៃគុក ស្រុកប្រាសាទសំបូរ


ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) អមដំណើរដោយតំណាងក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពង់ធំ និងអាជ្ញាធរជាតិប្រាសាទសំបូរព្រៃគុក នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦បានចុះទស្សនកិច្ចអំពីសក្តានុពលទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក និងសហគមន៍ទេសចរណ៍សំបូរព្រៃគុក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ស្របតាមស្មារតី ស.ជ.ណ លេខ១៣៥ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងអនុវត្តគម្រោងអាទិភាពច្បាស់លាស់ ដោយក្នុងនោះ ទី១៖ បានកំណត់យន្តការគ្រប់គ្រង ដោយមាន អាជ្ញាធរជាតិសំបូរព្រៃគុក ជាអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក (Sub-DMO) ក្នុងតំបន់បេតិកភណ្ឌ និងគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពង់ធំ ជា Sub-DMO សម្រាប់តំបន់ក្រៅបេតិកភណ្ឌ។ ទី២៖ បានអនុញ្ញាតឱ្យអនុវត្តគម្រោងអាទិភាពចំនួន ៤ រួមមាន៖ ១-ការលើកកម្ពស់ភាពទាក់ទាញទេសចរណ៍, ២-ការកែលម្អបទពិសោធន៍ទេសចរណ៍តាមរយៈឌីជីថល, ៣-យុទ្ធនាការ ផ្សព្វផ្សាយឌីជីថល «សំបូរព្រៃគុក៖ ចេនឡាមុនសម័យអង្គរ», និង ៤-ការពង្រឹងគុណភាពសេវាកម្មក្រោមយុទ្ធនាការ «ទីក្រុងស្អាត ភូមិស្អាត រមណីយដ្ឋានស្អាត សេវាកម្មល្អ បដិសណ្ឋារកិច្ចល្អ»។ ចំណុចចុងក្រោយ នៃ ស.ជ.ណ. បានប្រគល់ភារកិច្ចជូន គ.អ.ទ.ស. ដឹកនាំរៀបចំ «វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ឆ្នាំ២០២៦-២០៣០»។

នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន និងគណៈប្រតិភូ បានចុះទៅដល់ផ្ទះស្នាក់សហគមន៍មួយកន្លែងដែលជាប់ចំណាត់ថ្នាក់ជាផ្ទះសហគមន៍ទេសចរណ៍អាស៊ាន ផ្ទះតម្បាញរបស់សហគមន៍ដែលផលិតវត្ថុអនុស្សាវរីយ៍ជាផលិតផលក្នុងស្រុកលក់ជូនភ្ញៀវទេសចរ កន្លែងលក់សំបុត្រចូលទស្សនាប្រាសាទសំបូរព្រៃគុក និងផ្សារសហគមន៍ទេសចរណ៍ដែលជាបណ្តុំនៃសេវាកម្មសម្រាប់បម្រើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ គណៈប្រតិភូក៏បានចុះទៅទស្សនកិច្ចតំបន់បឹងប្រាំង ដើម្បីសិក្សា និងកំណត់សក្តានុពលប្រែក្លាយទីតាំងនោះជាកន្លែងសម្រាកលម្ហែចម្រុះសេវាកម្ម រួមមាន៖ កន្លែងវិបស្សនា ដែលមានកន្លែងស្នាក់នៅបាន, ផែទូកអុំខ្នាតតូច និងផ្ទះបណ្តែតទឹកសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិកម្សាន្ត, កាហ្វេចល័តលើទឹក, និងរៀបចំជា PAVIS មានភ្ជាប់កន្លែងលក់សំបុត្រនិងរោងទស្សនាវីដេអូអំពីប្រាសាទសំបូរព្រៃគុក។