សារមន្ទីរកំពង់ធំ មានទីតាំងជាប់នឹងផ្លូវជាតិលេខ ៦ ស្ថិតក្នុងភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ។ សារមន្ទីរនេះកសាងឡើងក្នុងឆ្នាំ ២០០៨ ហើយចាប់ផ្តើមតម្លើងវត្ថុសិល្បៈដាក់តាំងបង្ហាញនៅខែមករា ឆ្នាំ ២០១១ ដោយលោក ហ៊ិន សោភ័ណ លោក បេ តៃសែ លោក ហ៊ាម ជាង ក្រោមការផ្តល់គំនិត បច្ចេកទេសរៀបចំដាក់ តាំងបង្ហាញដោយឯកឧត្តម ប្រាក់ សុណ្ណារ៉ា អគ្គនាយកបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឆាង កង ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងលោក ភី សុខឃឿន មន្រ្តីសារមន្ទីរជាតិ។ សារមន្ទីរនេះ សម្ភោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១១ ក្រោមអធិបតីភាពឯកឧត្តម ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
សព្វថ្ងៃ យើងមានអគារមួយ និងថែវសារមន្ទីរមួយសង់តាមទម្រង់រចនាបថខ្មែរ ដែលមានវត្ថុសិល្បៈតាំងបង្ហាញទាំងអស់ចំនួន ១៥០ ដុំ។ វត្ថុសិល្បៈទាំងអស់មានតាំងពីសម័យមុនអង្គរ សម័យអង្គរ និងសម័យក្រោយអង្គរ។ យើង ទទួលស្វាគមន៍អ្នកទស្សនាដោយសេរីទាំងភ្ញៀវជាតិ និងអន្តរជាតិ រៀងរាលថ្ងៃ ដោយមានមន្រ្តីជំនាញប្រចាំការ។ លើសពីនេះទៀត យើងទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះសិស្ស និស្សិត អ្នកស្រាវជ្រាវ ក្នុងគោលបំណងមកធ្វើកម្មសិក្សា ក៏ដូចជាចង់ស្វែងយល់លម្អិតអំពីវត្ថុសិល្បៈបុរាណរបស់ខ្មែរ៕
សារមន្ទីរកំពង់ធំ នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន
