សកលភាវូបនីយកម្មទំនើប បានធ្វើឲ្យជំនាញ និងវត្ថុប្រើប្រាស់បុរាណៗ ដែលជាកេរតំណែលពីដូនតា ត្រូវបានបាត់បង់បន្តិចម្តងៗជារៀងរាល់ថ្ងៃ។ ឧស្សាហកម្មផ្លាស្ទិចក្នុងទំហំដ៏ច្រើនលើសលុប ក្នុងតម្លៃថោក ធ្វើឲ្យសិប្បកម្មបែបប្រពៃណី មិនអាចប្រកួតប្រជែងបាន ជាពិសេសតម្លៃ។ សារមន្ទីរកេរដំណែលខ្មែរ មិនមានបំណងនាំប្រជាជនកម្ពុជាឲ្យទៅរស់នៅក្នុងបុរាណសម័យ នៃបច្ចុប្បន្នទំនើបឡើយ ក៏ប៉ុន្តែយើងចង់បង្ហាញពួកគេថា តើដូនតារបស់យើងទាំងអស់គ្នារស់នៅយ៉ាងដូចម្តេច ប្រកបរបរអ្វីខ្លះ ហើយធ្វើយ៉ាងដូចម្តេច? វាជាព័ត៌មានសម្រាប់ស្វែងយល់ពីវប្បធម៌ និងអរិយធម៌របស់យើង។ សារមន្ទីរកេរដំណែលខ្មែរ មិនមែនត្រឹមតែជាសាលពិពណ៌ទេ តែក៏ជាកន្លែងផ្តល់ចំណេះដឹងពីរបៀបធ្វើឡើងវិញ និងការប្រើប្រាស់ឧបករណ៍ទាំងឡាយតាមរយៈ ការពិពណ៌នាជារូបភាព កម្រងវីឌីអូ និងសម្លេង។ សារមន្ទីរកេរដំណែលខ្មែរ សហការកសាងដោយសមាគមភូមិអាស៊ី ឧបត្ថម្ភដោយជនជាតិជប៉ុន និងព្រឹទ្ធាចារ្យ ព្រមទាំងបញ្ញវន្តខ្មែរ ក្នុងខេត្ត ដែលមានទីតាំងក្នុងភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ដែលបានសម្ភោធឲ្យដំណើរការនាព្រឹកថ្ងៃទី ២៦ ធ្នូ ឆ្នាំ ២០១៦ ៕