ល្ងាចថ្ងៃទី ៩ មករា ២០១៧ នៅសាលាគរុកោសល្យខេត្ត មានពិធីបេះផ្កាប្រជាធិបតេយ្យ ក្រោមអធិបតីភាពលោកជំទាវ យស ថានារី សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជា វ៉ាន់ចាន់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្នុងគោលបំណងអបអរសាទរគរុសិស្សជំនាន់ទី ៣៥ ។ លោកជំទាវ បានសំណេះសំណាល និងផ្តាំផ្ញើឲ្យប្អូនៗគរុសិស្សយកចិត្តទុកដាក់ និងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីក្រេបជញ្ជក់ចំណេះដឹងឲ្យបានច្រើនពីលោកគ្រូអ្នកគ្រូ ព្រោះត្រឹមរយៈពេល ២ ឆ្នាំ ប៉ុណ្ណោះ ក្មួយៗនឹងក្លាយជាអ្នកបណ្តុះបណ្តាល និងអប់រំកុមារបន្តទៀត។ ឯកឧត្តម ជា វ៉ាន់ចាន់ បានមានប្រសាសន៍ថា “ឱកាសក្លាយជាគរុសិស្សនេះ យុវជនជាច្រើនណាស់ចង់បាន តែក៏មិនអាចសម្រេចគ្រប់គ្នានោះទេ។ ដូច្នេះហើយប្អូនៗ ដែលបានមកដល់ទីនេះ ប្រាកដណាស់ គឺដោយសាបេះដូងឆាបឆួលនឹងការអប់រំ សមត្ថភាពគ្រប់គ្រាន់ ពិសេស គឺឆន្ទៈមោះមុត បាញ់ឆ្ពោះទៅដល់គោលដៅ។ ប្អូនៗទាំងអស់ជាទីស្រឡាញ់ នៅឯផ្ទះឳពុកម្តាយ បងប្អូនផ្ញើក្តីសង្ឃឹមលើយើង កុមារា កុមារី រងចាំយើងដោយអន្ទះសារ សហគមន៍ទាំងមូលមានទំនុកចិត្តលើយើង ប្រទេសជាតិផ្ញើវាសនាលើយុវជនជំនាន់ក្រោយនេះឯង ដូចនេះហើយ សូមប្អូនៗទាំងអស់ពួតដៃគ្នាផ្លាស់ប្តូរចំណេះដឹង បន្ថែមឲ្យគ្នាទៅវិញទៅមក និងរហ័សរហួនប្តូរការគិតណាដែលអាចជួយអភិវឌ្ឍខ្លួនយើងឲ្យបានលឿនជាងធម្មតា”។
ចុងក្រោយគណៈអធិបតី ភ្ញៀវកិត្តិយសចូលរួម ព្រមទាំងគរុសិស្សទាំងអស់ បានទទួលទានអាហាររួមគ្នា និងបានចូលរួមសម្តែងរបាំរាំវង់ជាមួយគ្នាផងដែរ ប្រកបដោយបរិយាកាសរីករាយក្រៃលែង៕