គោលនយោបាយ
អភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ ២០១៧-២០២២
បុព្វកថា
គណបក្សប្រជាជនកម្ពុជា ជាគណបក្សរបស់ប្រជាជន កើតឡើងស្ថិតស្ថេរ និងរីកចម្រើន ដោយសារប្រជាជន និងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រទេសជាតិ និងប្រជាជន។
គណបក្ស បានបដិសន្ធិនាថ្ងៃ ២៨ ខែ មិថុនា ឆ្នាំ ១៩៥១ ដោយមានប្រភពពីចលនាតស៊ូ របស់ប្រជាជន ប្រឆាំងអាណានិគមនិយមបារាំង ដើម្បីឯករាជ្យជាតិ។ ចាប់ពីពេលបដិសន្ធិរហូតមក គណបក្សបានប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺប្រមូលកម្លាំងរបស់ប្រជាជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ស្រឡាញ់លទ្ធិ ប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់និន្នាការនយោបាយ ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា និងអតីតកាល ដើម្បីរួមកម្លាំងគ្នាការពារ និងកសាងប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង វឌ្ឍនភាពសង្គម។
ក្នុងពេលប្រជាជាតិ ធ្លាក់ក្នុងគ្រោះមហន្តរាយ ដែលរបបប្រល័យពូជសាសន៍ របស់ពួកប៉ុលពត បានបង្កឡើងនៅក្រោយថ្ងៃ ១៧ ខែមេសា ឆ្នាំ ១៩៧៥ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំង នយោបាយតែមួយគត់ ដែលបានក្រោកឈរដឹកនាំការតស៊ូប្រយុទ្ធ ដើម្បីសង្គ្រោះជាតិពីរបបដ៏ យង់ឃ្នងនេះ រហូតទទួលជ័យជម្នះជាប្រវត្តិសាស្ដ្រ នាថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ ដែលធ្វើឲ្យប្រជាជាតិរស់ឡើងវិញ ស្ថិតស្ថេរគង់វង្ស និងរីកចម្រើនរហូតមកដល់បច្ចុប្បន្ន ។
រយៈពេល ៣៨ ឆ្នាំកន្លងមកនេះ បន្ទាប់ពីមហាជ័យជម្នះ ៧ មករា គណបក្សប្រជាជន បានពុះពារដឹកនាំប្រទេសជម្នះរាល់ឧបសគ្គ និងការលំបាករាប់ម៉ឺនជំពូក សម្រេចបានលទ្ធផលធំៗ ជាប្រវត្តិសាស្ដ្រ ដែលបាននាំប្រទេសជាតិ ឲ្យចេញផុតពីស្រមោលនៃអតីតកាលដ៏ខ្មៅងងឹត និងឈឺចាប់បំផុត ។ ការភ័យខ្លាច សោកនាដកម្ម ការបែកបាក់ជាតិ ការបែកបាក់ទឹកដី និងការ បាត់បង់យ៉ាងធំធេង ដែលប្រជាជនកម្ពុជា ធ្លាប់បានជួបប្រទះកាលពីអតីតកាលត្រូវបានបញ្ចប់ហើយ ប្រជាជនកំពុងរស់នៅយ៉ាងសុខដុមរមនាលើទឹកដីមាតុភូមិជាទីស្នេហារបស់ខ្លួន។ សន្ដិភាពពេញលេញ ខឿនឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ការបង្រួបបង្រួមជាតិ ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ យុត្តិធម៌ សមធម៌សង្គម ត្រូវបានការពារយ៉ាងម៉ត់ចត់ និងបានពង្រឹងលើកស្ទួយឥតឈប់ឈរ។ ដំណើរជាតិ កំពុងបានបោះជំហានទៅមុខយ៉ាងស្វាហាប់ លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍប្រកបដោយមោទនភាព និងភាពជឿជាក់ ធ្វើឲ្យអត្តភាព កិត្យានុភាព និងកិត្តយសជាតិ ត្រូវបានលើកកម្ពស់ឡើងវិញ ដោយស្មើភាព និងស្មើសិទ្ធិ ក្នុងកិច្ចការអន្តរជាតិ ជាមួយបណ្តាប្រទេសលើពិភពលោក។
បន្ទាប់ពីបានដាក់ចេញ និងដឹកនាំអនុវត្តដោយជោគជ័យនូវ ”នយោបាយ ឈ្នះ ឈ្នះ “ ដោយបាននាំមកនូវសន្ដិភាព ឯកភាពជាតិ ឯកភាពទឹកដីពេញលេញទូទាំងប្រទេស រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ដ្រី បានបន្ដជំរុញអនុវត្តឲ្យកាន់តែស៊ីជម្រៅ នូវកំណែទម្រង់ទាំង ៤ ដែលជា ស្នូលនៃអភិបាលកិច្ចល្អ រួមមាន៖
១. ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ
២. កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌
៣.កំណែទម្រង់រដ្ឋបាលសាធារណៈ
៤.កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ
ពាក់ព័ន្ធកំណែទម្រង់រដ្ឋបាលសាធារណៈ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងគោលដៅ ពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នៅមូលដ្ឋាន លើកកម្ពស់ប្រសិទ្ធភាព នៃការផ្ដល់ សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព ។ ផ្អែកលើគោលនយោបាយនេះ ក្រុមប្រឹក្សាឃុំ សង្កាត់ ទូទាំងប្រទេស ត្រូវបានជ្រើសរើសឡើងតាមរយៈការបោះឆ្នោតដោយផ្ទាល់ ពីប្រជាពលរដ្ឋ តាមគោលការណ៍ នៃលទ្ធិប្រជាធិតេយ្យសេរីពហុបក្ស នាឆ្នាំ ២០០២ និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស ត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតអសកល នាឆ្នាំ ២០០៩ ដែល កិច្ចការទាំងនេះ គឺជាការកែទម្រង់ជាប្រវត្តិសាស្ដ្រ ក្នុងដំណើរការកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជា។ តាមរយៈកិច្ចខិតខំប្រឹងប្រែងអនុវត្តកែទម្រង់ទាំងនេះ ប្រកបដោយប្រសិទ្ធភាព ស័ក្ដសិទ្ធិ បានធ្វើឲ្យកម្ពុជា សម្រេច បានកំណើនសេដ្ឋកិច្ចខ្ពស់ប្រចាំឆ្នាំ រយៈពេលវែង គិតជាមធ្យមប្រមាណ ៧% ។ ផលិតផលក្នុងស្រុក សរុបសម្រាប់ប្រជាជនម្នាក់ កើនឡើគួរជាទីមោទនៈ គឺពី ២៥៣ ដុល្លារអាមេរិក នៅឆ្នាំ ១៩៩៨ ដល់ ១២១៥ ដុល្លាអាមេរិក នៅឆ្នាំ ២០១៥ ហើយភាពក្រីក្រ ក៏ត្រូវបានកាត់បន្ថយពី ៥៣,២% នៅឆ្នាំ ២០០៤ មកត្រឹម ១៣,៥% នៅឆ្នាំ ២០១៤ ដែលឲ្យកម្ពុជាយើងបានចាប់ផ្ដើមក្លាយជាប្រទេសដែលមានចំណូលមធ្យម កម្រិតទាប ។
តាមរយៈកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ យើងបានបង្កើតឡើងនូវក្រុមប្រឹក្សាគ្រប់ថ្នាក់ នៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលជាស្ថាប័នតំណាងឲ្យសម្លេង និងផលប្រយោជន៍ របស់ប្រជាជន គ្រប់មជ្ឈដ្ឋាន ក្នុងមូលដ្ឋាននីមួយៗ។ រដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ បានរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធអភិបាលកិច្ចរបស់ខ្លួន រួមប្រព័ន្ធកសាងផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគប្រព័ន្ធ គ្រប់គ្រងហិរញ្ញវត្ថុ ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស ប្រព័ន្ធគណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ដោយឈរលើគោលការណ៍គ្រឹះនានា នៃអភិបាលកិច្ចល្អ រួមមានគណនេយ្យភាព តម្លាភាព ការចូលរួម ការលើកស្ទួយសមធម៌ ការឆ្លើយតប ប្រសិទ្ធភាព និងភាពស័ក្ដិសិទិ្ធ ។ លើមូលដ្ឋាននេះ មុខងារ និងធនធាននានា រួមមាន ធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិ បាន និងកំពុងត្រូវបានផ្ទេរជាបន្ដបន្ទាប់ និងកាន់តែច្រើនឡើងៗទៅ រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់កិច្ចខំប្រឹងប្រែងទាំងនៅក្នុងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅធានាឲ្យមាន ការអភិវឌ្ឍដ៏ទូលំទូលាយ និងប្រកបដោយនិរន្តរភាព។ ធនធានហិរញ្ញវត្ថុដែលត្រូវបានផ្ទេរទៅឲ្យ រដ្ឋបាលឃុំ សង្កាត់ មានការកើនឡើងជារៀងរាល់ឆ្នាំ ដែលរហូតមកដល់ឆ្នាំ ២០១៦ នេះ បានកើតឡើងជិត ១២ ដង បើធៀបនិងធនធានហិរញ្ញវត្ថុ ដែលបានផ្ទេរនៅឆ្នាំ ២០០២។ ជារួមធនធានហិរញ្ញវត្ថុសរុបប្រមាណជាង ៥០០ លានដុល្លារអាមេរិកត្រូ វ បានផ្ទេរទៅ ឲ្យរដ្ឋបាលឃុំ សង្កាត់ ទូទាំងប្រទេស ក្នុងរយៈពេល ១៤ ឆ្នាំកន្លងមកនេះ។ ទន្ទឹមនេះ ផ្អែកលើគោលនយោបាយ វិមជ្ឈការ ឃុំ សង្កាត់ បានកៀរគរធនធានពីដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល សប្បុរសជន និងការចូលរួមនានាពីសហគមន៍ នៅក្នុងមូលដ្ឋាន បានជាច្រើនរយលានដុល្លារថែមទៀត។ តាមរយៈធនធានហិរញ្ញវត្ថុទាំងនេះ បានធ្វើឲ្យរដ្ឋបាលឃុំ សង្កាត់ មានលទ្ធភាពក្នុងការផ្តល់ សេវាសារធារណៈ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទរាប់ពាន់គម្រោងក្នុងមួយឆ្នាំៗ ដែលក្នុង នោះ រួមមានដូចជាការសាងសង់ផ្លូវជនបទ ស្ពាន អណ្តូងទឹក ស្រះទឹក ប្រព័ន្ធធារាសាស្រ្តខ្នាតតូច សាលារៀនប៉ុស្តិ៍សុខភាព និងការផ្តល់សេវាសង្គម ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់មូលដ្ឋាន និងចូលរួម ចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងដំណើរការកំណែទម្រង់ នៅរដ្ឋបាល ថ្នាក់ជាតិរួមទាំងថ្នាក់ឃុំ សង្កាត់ បានទទួលបានការគាំទ្រ និងការចូលរួមយ៉ាងទូលំទូលាយ ពី ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន និងពីសហគមន៍អន្តរជាតិ។
អាស្រ័យដោយគោលនយោបាយដឹកនាំកំណែទម្រង់ស៊ីជម្រៅលើវិស័យជាប់ជាប្រចាំ បានធ្វើ ឲ្យសង្គមជាតិ មានការរីកចម្រើនលើគ្រប់វិស័យ ជីវភាពប្រជាជនទាំងនៅក្នុងទីក្រុង ទីប្រជុំជន និងជនបទ មានភាពកាន់តែប្រសើរឡើង ។ លើមូលដ្ឋានសមិទ្ធផលដ៏ថ្លៃថ្លាទាំងអស់នេះ ជាមួយនឹងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាជនកំពុងបញ្ចេញអស់កម្លាំងកាយកម្លាំង ចិត្ត ប្រឹងប្រែងកសាង និងការពារមាតុភូមិ ឲ្យកាន់តែរីកចម្រើនឡើងក្លាយជាប្រទេសជឿនលឿនមួយ និងគង់វង្សស្ថិតស្ថេរក្នុងឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីដ៏ពេញលេញរបស់ខ្លួន ។
អាស្រ័យដោយគោលបំណង ឧត្ដមគតិ និងសកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា គឺដើម្បីជាតិ និងប្រជាជនកម្ពុជាទើបគណបក្សប្រជាជន ទទួលបាននូវជ័យជម្នះក្នុងការបោះឆ្នោតជា បន្ដបន្ទាប់ តាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ទាំងការបោះឆ្នោតសកល និងអសកលទាំងការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលជាការបង្ហាញយ៉ាងច្បាស់ថា ប្រជាជនកម្ពុជា ជឿជាក់ និងគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យបន្តដឹកនាំប្រទេសជាតិយូរអង្វែងទៅមុខទៀត។
ទន្ទឹមនិងសមិទ្ធផលខាងលើនេះ កំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសនៅថ្នាក់ឃុំ សង្កាត់ ក៏នៅមានបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធទៅនឹងសមត្ថភាពធនធានមនុស្ស ធនធានហិរញ្ញវត្ថុ រចនាសម្ព័ន្ធ និងប្រព័ន្ធប្រតិបត្តិការរបស់រដ្ឋបាលឃុំ សង្កាត់ ប្រព័ន្ធទំនាក់ទំនង និងការគាំទ្រក្នុងចំណោមរដ្ឋបាលថ្នាក់ក្រោមជាតិ និងរវាងថ្នាក់ជាតិ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ការបែងចែក និ ងការផ្ទេរមុខងារ និងធនធាន ប្រព័ន្ធគណនេយ្យភាព ការចូលរួម និងភាពជា ម្ចាស់នៅមូលដ្ឋាន ដែលបញ្ហាប្រឈមទាំងនេះបានធ្វើឲ្យមានផលប៉ះពាល់ដល់លទ្ធភាព និង សមត្ថភាពរបស់រដ្ឋបាលឃុំ សង្កាត់លើការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹង សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
ដើម្បីពង្រឹងពង្រីកសមិទ្ធផលដែលសម្រេចបាននៅក្នុងកិច្ចដំណើរការ កំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសរដ្ឋបាលឃុំ សង្កាត់ និងដើម្បីដោះស្រាយបញ្ហាប្រឈមនានា សំដៅជំរុញកិច្ចដំណើរការកំណែទម្រង់នេះឲ្យបានស៊ីជម្រៅ ពេញលេញ និងគ្រប់ជ្រុងជ្រោយ ធានាដល់ការផ្ទេរមុខងារ សិទ្ធិអំណាច និងធនធានសមស្របទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិនានា រួមទាំងថ្នាក់ឃុំ សង្កាត់ ចាំបាច់ត្រូវធ្វើការកែទម្រង់់ រចនាសម្ព័ន្ធ និងប្រព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឲ្យក្លាយជារដ្ឋបាលមូលដ្ឋានដ៏មានសក្តានុពលក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមករវាងរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់៕