ចំណុចទី២: ជាឃុំ សង្កាត់ដែលមានការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាជន
ធនធានហិរញ្ញវត្ថុរបស់ឃុំ សង្កាត់
– ផ្អែកលើមូលដ្ឋាននៃការផ្ទេរមូលនិធិឃុំ សង្កាត់ប្រចាំឆ្នាំក្នុងអត្រា ២,៨%នៃចំណូលចរន្តថវិកា ជាតិ គណបក្សប្រជាជនកម្ពុជានឹងបង្កើនអត្រានៃការផ្ទេរមូលនិធិនេះបន្ថែមទៀត ដើម្បីឱ្យរដ្ឋបាលឃុំ សង្កាត់ទទួលបានធនធានហិរញ្ញវត្ថុសមស្រប សម្រាប់លើកកម្ពស់ការផ្តល់សេវាសាធារណៈនិងការអភិវឌ្ឍ សេដ្ឋកិច្ចតាមមូលដ្ឋានឃុំ សង្កាត់នីមួយៗ។
– បង្កើតឱ្យមានប្រភពចំណូលផ្ទាល់នៅមូលដ្ឋាន និងបង្កលក្ខណៈសម្បត្តិងាយស្រួល ដើម្បី ឱ្យរដ្ឋបាលឃុំ សង្កាត់មានលទ្ធភាពកៀរគរធនធាននានានៅមូលដ្ឋានសម្រាប់ការអភិវឌ្ឍឃុំ សង្កាត់របស់ខ្លួន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនប្រកបដោយតម្លាភាព និងគណនេយ្យភាព។
– គម្រោងអភិវឌ្ឍន៍សំខាន់ៗ មួយចំនួនរបស់ឃុំនៅតំបន់ដាច់ស្រយាល ដែលពុំអាចមាន លទ្ធ ភាពប្រើប្រាស់ថវិកាប្រចាំឆ្នាំរបស់ខ្លួននឹងត្រូវបានផ្តល់ថវិកាដោយឡែកមួយរបស់រដ្ឋដែលបានបង្កើតឡើង និងតាមរយៈកិច្ចសហការគាំទ្ររួមគ្នារវាងរដ្ឋបាលខេត្ត ស្រុក ឃុំ ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍឃុំទាំងនោះ សំដៅធានាដល់ការកាត់បន្ថយនូវគម្លាតរវាងទីក្រុង និងជនបទ និងការផ្តល់ផលប្រយោជន៍នានាដល់ ប្រជាពលរដ្ឋគ្រប់រូបប្រកបដោយសីលធម៌។
ការបង្កើត និងការពង្រីកមុខរបរខ្នាតតូច
– ប្រជាពលរដ្ឋក្រីក្រមានលទ្ធភាព និងភាពងាយស្រួលក្នុងការទទួលបាននូវប្រាក់កម្ចីក្នុងអត្រា ការប្រាក់ទាបពីមូលនិធិកម្ចីសម្រាប់ជនបទដែលអន្តរាគមន៍ដោយរដ្ឋ តាមរយៈក្រុមប្រឹក្សាឃុំ សង្កាត់និង ឥណទានពីប្រភពផ្សេងៗទៀត និងការបង្កើតជាក្រុមប្រជាពលរដ្ឋនានាដើម្បីមានលទ្ធភាពបង្កើត ឬពង្រីក មុខរបរខ្នាតតូច និងមធ្យម សំដៅលើកកម្ពស់ជីវភាពគ្រួសារ និងជំរុញសកម្មភាពពង្រីកសេដ្ឋកិច្ចជនបទ។
– ជំរុញការបង្កើតមូលដ្ឋានផលិតកម្មក្នុងឃុំ សង្កាត់ ដូចជាចម្លាក់តម្បាញ ការផលិតសម្ភារៈ ផ្សេងៗដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក។
– ជំរុញចរាចរណ៍ទំនិញរបស់កសិករ តាមរយៈការបណ្តុះគំនិតពាណិជ្ជកម្មដោយរៀប ចំវគ្គ បណ្តុះបណ្តាលខ្លីៗ អំពីរបៀបធ្វើអាជីវកម្មដល់កសិករ និងផលិតករខ្នាតតូច ក្នុងគោលដៅប្រែក្លាយកសិករ ផលិតករឲ្យទៅពាណិជ្ជករ និងជំរុញឲ្យកសិករធ្វើការនាំចេញនៅនឹងកន្លែងដែលមានទេសចរដោយសហការ ជាមួយសហគមន៍ទេសចរណ៍។
– បន្តអនុវត្តគោលនយោបាយភូមិមួយ ផលិតផលមួយ ដោយជំរុញការផលិតតាមលក្ខណៈ ភូមិសាស្រ្តប្រកបដោយផលិតភាព និងគុណភាព។
ការអភិវឌ្ឍវិស័យកសិកម្ម
– មិនយកពន្ធលើដីកសិកម្មរបស់ប្រជាកសិករដែលបង្កបង្កើនផលជាលក្ខណៈគ្រួសារ និង បែងចែកដីធ្លីជូនគ្រួសារក្រីក្រដែលគ្មានដីសម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិត។
– បន្តជំរុញប្រជាពលរដ្ឋឱ្យខិតខំពង្រីកផ្ទៃដីដាំដុះ និងកែប្រែទម្លាប់ចាស់ក្នុងការជ្រើសរើសពូជ ស្រូវឱ្យបានស្របតាមអាកាសធាតុជាក់ស្តែងពិសេសប្រើពូជស្រូវស្រាល ធ្វើប្រពលវប្បកម្ម ប្រើជីធម្មជាតិ បន្ថយការការប្រើជីគីមី និងថ្នាំកសិកម្ម។
– ជំរុញការធ្វើទំនើបកម្មនិងពង្រីកការដាំដុះដំណាំគ្រប់ប្រភេទឱ្យបានស្របទៅតាម
សក្តានុពលនៃប្រភេទដី តាមរយៈការចាត់តាំងមន្រ្តីចុះផ្សព្វផ្សាយបច្ចេកទេសដល់កសិករ ភ្នាក់ងារផ្សព្វផ្សាយ បច្ចេកទេសដល់កសិករ ភ្នាក់ងារផ្សព្វផ្សាយកសិកម្មភូមិ និងរិះរកវិធីកាត់បន្ថយថ្លៃដើមនៃការផលិត។
– បង្កើនប្រព័ន្ធបញ្ចេញបញ្ជូលទឹកលើដីស្រែកសិករ សម្រាប់ការស្រោចស្របដំណាំបន្លែ សំដៅ ប្រែក្លាយពីការធ្វើសួនបន្លែតូចតាចជាលក្ខណៈគ្រួសារឲ្យទៅជាចម្ការបន្លែមានលក្ខណៈពាណិជ្ជកម្ម។
– បង្កើនសមត្ថភាពបច្ចេកទេសដល់កសិករ សហគមន៍កៅស៊ូគ្រួសារខិតខំកៀរគររកប្រភពទុន ពីស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍នានាដើម្បីជំរុញការដាំដុះកៅស៊ូជាលក្ខណៈគ្រួសារ។
– បន្តពង្រឹង និងពង្រីកសហគមន៍កសិករអភិវឌ្ឍកសិកម្មឱ្យបានច្រើន បង្កភាពងាយស្រួល ដល់ការផ្សព្វផ្សាយបច្ចេកទេសកសិកម្ម។
– ជំរុញការរក្សាពូជត្រីតាមរយៈការបង្កើតស្រះជម្រកត្រី និងកន្លែងអភិរក្សពូជត្រីក្នុងដែន នេសាទសហគមន៍។
ការសម្រុះសម្រួលវិវាទដីធ្លី
ជំរុញការដោះស្រាយវិវាទដីធ្លីដើម្បីបង្កភាពសុខដុមរមនាក្នុងសង្គមតាមរយៈពង្រឹងយន្តការដោះស្រាយ និងបង្កើនក្រុមការងារចុះជួយដោះស្រាយដល់មូលដ្ឋាន ដោយផ្អែកលើមូលដ្ឋានច្បាប់។
ការអភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិ
– បង្កើនយន្តការគ្របគ្រងរួមគ្នានៅតំបន់ការពារធម្មជាតិ ដើម្បីផ្តល់លទ្ធភាពដល់សហគមន៍មូលដ្ឋាន រដ្ឋបាលថ្នាក់ក្រោមជាតិ ចូលរួមចំណែក ដ៏មានប្រសិទ្ធភាពក្នុងការការពារ និងអភរក្សធនធានធម្មជាតិនៅក្នុង ឃុំ សង្កាត់របស់ខ្លួន។
– លើកកម្ពស់សមត្ថភាពក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ដែល បានធ្វើប្រតិភូកម្មទៅឱ្យឃុំ សង្កាត់។
– អនុវត្តគម្រោងបង្កើតមុខរបរថ្មីៗ សម្រាប់សហគមន៍តំបន់ការពារធម្មជាតិ ដោយបញ្រ្ជាប និងផ្សារ ភ្ជាប់ជាមួយនិងផែនការអភិវឌ្ឍន៍ឃុំ និងកម្មវិធីវិនិយោគឃុំ ដើម្បីលើកកម្ពស់ជីវភាពសមាជិកសហគមន៍ មូលដ្ឋានក៏ដូចជាដើម្បីកាត់បន្ថយការពឹងអាស្រ័យលើផលធម្មជាតិ អនុផលព្រៃឈើ និងការប្រមាញ់ សត្វព្រៃ។
ការងារបរិស្ថាន និងទេសចរណ៍
លើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីបរិស្ថានស្អាត និងការថែរក្សាអនាម័យភូមិឋាន ស្របតាម ទិសស្លោក’’រស់នៅស្អាត ហូបស្អាត ផឹកស្អាត’’។
– រៀបចំឱ្យមានអនាម័យបរិស្ថានល្អ ប្រកបដោយសោភ័ណភាព និងភាពច្នៃប្រឌិត នៅតាមឃុំ សង្កាត់ ដែលមានសក្តានុពលទេសចរណ៍ ជាពិសេសការរៀបចំភូមិ ឃុំ ឱ្យមានសុវត្ថិភាព របៀបរៀបរយ និងមានបដិ សណ្ឋារកិច្ចល្អ។
– ពង្រឹងពង្រីកបណ្តាញសហគមន៍ទេសចរណ៍មូនដ្ឋាន សំដៅលើកទឹកចិត្តប្រជាជនចូលរួមអភិវឌ្ឍ វិស័យទេសចរណ៍ ការពារបរិស្ថាន ការពារធនធានវប្បធម៌និងធម្មជាតិ។
ការអភិវឌ្ឍ និងការគ្រប់គ្រងផ្សារ
– ផ្តល់ជូនអាជីវករលក់ដូរនៅតាមផ្សាររដ្ឋ និងទីតាំងផ្សាររដ្ឋនូវសិទ្ធិកាន់កាប់ សិទ្ធិប្រើប្រាស់ និងសិទ្ធិ អាស្រ័យផលលើតូប រាន ស្តង់ និងកន្លែងលក់ដូរដទៃទៀត ព្រមទាំងមានសិទ្ធិផ្ទេរសិទ្ធិទាំងនេះជូនកូនចៅ ឬ អ្នកដទៃទៀត។
– ជំរុញការរៀបចំបង្កើតផ្សារនៅតាមឃុំ សង្កាត់ ដើម្បីលើកកម្ពស់សកម្មភាពពាណិជ្ជកម្មនៅមូលដ្ឋាន និងបង្កលក្ខណៈងាយស្រួលជូនប្រជាជនក្នុងការលក់ដូរទំនិញ ផលិតផលដែលខ្លួនផលិតបាន សម្រាប់បង្កើន ប្រាក់ចំណូលគ្រួសារ។
– ពង្រឹងការគ្រប់គ្រងផ្សារនៅតាមមូលដ្ឋាន ដោយធានានូវការរក្សា ការពារសិទ្ធិ និងផលប្រយោជន៍ របស់អាជីវករលក់ដូរក្នុងផ្សារនៅតាមមូលដ្ឋានឃុំ សង្កាត់នានា។
ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន
– ជំរុញការកសាងរចនាសម្ព័ន្ធចាំបាច់នានា ដែលបម្រើឱ្យសកម្មភាពអភិវឌ្ឍឃុំ សង្កាត់តាមព្រំដែន ដើម្បីលើកកម្ពស់ជីវភាព សុខុមាលភាពរបស់ប្រជាជនដែលរស់នៅតាមតំបន់ព្រំដែន។
– ពង្រឹង និងលើកកម្ពស់ទំនាក់ទំនងផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន និងការលើកកម្ពស់កិច្ច សហប្រតិបត្តិការរវាងអាជ្ញាធរជាប់ព្រំដែនជាមួយប្រទេសជិតខាង ដើម្បីថែរក្សា និង ពង្រឹងសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំដៅបង្កើនការផ្លាស់ប្តូរទំនិញកសិផល និងការធ្វើពាណិជ្ជកម្មឆ្លងកាត់ ព្រំដែន ក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅតាមតំបន់ព្រំដែន។
– អប់រំ ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ព្រំដែនឲ្យចូលរួមការពារ បូរណភាពទឹកដី អធិបតេយ្យជាតិ និងចូលរួមថែរក្សា ការពារបង្គោលខណ្ឌសីមាព្រំដែនរវាងព្រះរាជាណាចក្រ កម្ពុជា ជាមួយប្រទេសជិតខាង ឲ្យបានគង់វង្ស ស្ថិតស្ថេរ៕