គោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ ២០១៧-២០២២


ចំណុចទី៣: ជាឃុំសង្កាត់ដែលមានហេដ្ឋានរចនាសម្ព័ន្ធគមនាគមន៍គ្រប់គ្រាន់ និងល្អ
ការកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍
– ជំរុញ និងកែលម្អផ្លូវក្រាលក្រួសក្រហមទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុងប្រកបដោយស្តង់ដា និងបន្តពង្រីកការសាងសង់បន្ថែមផ្លូវជនបទ សំដៅធានាការធ្វើចរាចរណ៍ប្រកបដោយសុវត្តិភាព និងនិរន្តរ ភាព ព្រមទាំងលើកកម្ពស់ទំនាក់ទំនង ការតភ្ជាប់នៅក្នុងចំណោមសហគមន៍នានានៅមូលដ្ឋាន និងការតភ្ជាប់ ពីសហគមន៍មូលដ្ឋានមកកាន់ទីប្រជុំជន ទីក្រុង និងមជ្ឈមណ្ឌលសេដ្ឋកិច្ច សង្គមនានា ដើម្បីសម្រួលដល់ ការធ្វើចរាចរណ៍ ការផ្លាស់ប្តូរទំនិញកសិផល និងកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ។
– បំផុសលើកទឹកចិត្តដល់សហគមន៍មូលដ្ឋានក្នុងការចូលរួមថែទាំហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅ
តាមមូលដ្ឋាន ដើម្បីធានាដល់ការប្រើប្រាស់ប្រកបដោយចីរភាព។
– ជំរុញការចូលរួមពីផ្នែកឯកជន សប្បុរសជន និងប្រជាជនក្នុងការស្តារ ជួសជុល កសាង ថែទាំផ្លូវថ្នល់ ក្នុងឃុំ សង្កាត់។
– បង្កើនការជួសជុល កសាងពង្រីកបណ្តាញផ្លូវ ប្រព័ន្ធប្រឡាយរំដោះទឹក លូបង្ហូរទឹក ស្ថានីយ៍បបូមទឹក ប្រព័ន្ធច្រោះទឹកកខ្វក់ ទីលានចាក់សំរាម ដោះស្រាយការកកស្ទះចរាចរណ៍ ការស្ទះលូ ការដក់ទឹកលិចផ្លូវ លិចផ្ទះប្រជាជន និងការប្រមូលសំរាមឱ្យឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាជននៅក្រុង និងទីប្រជុំជន នានា។
ការរៀបចំប្លង់គោល និងប្លង់ប្រើប្រាស់ដីធ្លីទីក្រុង និងទីប្រជុំជន
ជំរុញការរៀបចំប្លង់គោល និងប្លង់ប្រើប្រាស់ដីធ្លី នៅតាមទីក្រុង និងទីប្រជុំជន ដើម្បីធានាដល់ការ អភិវឌ្ឍប្រកបដោយចីរភាព។