ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគារស្នាក់ការគណបក្សស្រុកស្ទោងថ្មីសម្រេចបាន ៦០ភាគរយ
===============
នៅរសៀលថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគារស្នាក់ការគណបក្សស្រុកស្ទោងថ្មី គិតរហូតមកដល់ពេលនេះការងារសាងសង់សម្រេចបាន ៦០ភាគរយ។
សូមជម្រាបថា ការសាងសង់អគារស្នាក់ការគណបក្សស្រុកស្ទោងថ្មី គឺដើម្បីជំនួសអគារស្នាក់ការគណបក្សចាស់ដែលមានសភាពទ្រុឌទ្រោម។ ការងារសាងសង់បានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលើផ្ទៃដីប្រមាណ ២ហិកតា ដែលមានលទ្ធភាពប្រជុំសមាជិកបក្សសរុបចំនួន ១០០០នាក់ ព្រមទាំងមានទីធ្លាហាត់កីឡា បណ្ណាល័យ និងសួនច្បារសម្រាប់បងប្អូនប្រជាពលរដ្ឋចូលលេងកម្សាន្ត។