ព្រឹកថ្ងៃអាទិត្យទី២៥ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភាស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ បានអញ្ជើញជាអធិបតី កិច្ចប្រជុំក្រុមការងារប្រចាំខែនៅសាលប្រជុំស្នាក់ការ គណបក្សខេត្តកំពង់ធំ ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍បើកអង្គប្រជុំ ដោយបានបញ្ជាក់ថាកិច្ចប្រជុំថ្ងៃនេះដើម្បីត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា ក្នុងឆ្នាំ២០១៨ ខាងមុខ និង ឯកឧត្តមបណ្ឌិត បានរំលឹកដល់ក្រុមការងារឲ្យសកម្មបង់ថវិកាប្រចាំខែក្នុងនាមសប្បុរសជនដល់គណបក្សខេត្ត ។
បន្ទាប់មក ឯកឧត្តម ងួន សុជាតិ អនុប្រធានគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការគណបក្សខេត្តកំពង់ធំ បានអញ្ជើញអានសេចក្តីព្រាង របាយការណ៍ ស្តីពីលទ្ធផលការងារក្នុងខែមិថុនា ឆ្នាំ២០១៧ និងទិសដៅភារកិច្ចសម្រាប់រយៈពេលបន្ត ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញអង្គប្រជុំទាំងមូលពិភាក្សាបំពេញបន្ថែមទៅលើសេចក្តីព្រាងរបាយការណ៍ទាំងខ្លឹមសារ និងទម្រង់ និងធ្វើការអនុម័ត ។
ចុងបញ្ចប់ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍ឆ្លុះបញ្ចាំងអំពីស្ថានភាព បញ្ហាជាក់ស្តែងរបស់ខេត្តកំពង់ធំ និងធ្វើការបកស្រាយផ្តល់អនុសាសន៍ដឹកនាំសម្រាប់ក្រុមការងារយកទៅអនុវត្តផងដែរ ។