ខេត្តកំពង់ធំ: ប្រារព្ធទិវាឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ


ថ្នាក់ដឹកនាំខេត្តកំពង់ធំ មន្រ្តីរាជការជុំវិញខេត្ត និងកម្លំាងប្រដាប់អាវុធទំាងបីប្រភេទ ប្រារព្ធពិធីអបអរសាទរថ្ងៃឯករាជ្យជាតិខួបលើកទី៦៤

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០១៧) ដែលនឹងធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅស្តូបវិមានរំលឹកគុណយុទ្ធជនពលី ស្ថិតនៅសង្កាត់អាចារ្យលាក់ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ថ្ងៃនេះ គឺជាទិវាបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០១៧) ដែលប្រព្រឹត្តទៅស្របជាមួយទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៦៤ ថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ គឺជាទិវាប្រវត្តិសាស្ត្រ និងជាប្រពៃណីដ៏ថ្លៃថ្លា របស់ប្រជាជាតិខ្មែរ ដើម្បីរំលឹកគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះព្រះវិញ្ញាណខ័ន្តព្រះបរមរតនកោដ្ឋ ដែលបានដឹកនាំទាមទារឯករាជ្យពីអាណានិគមនិយមបារាំង និងរំលឹកគុណដល់វីរៈកុលបុត្រកុលធីតា កងកម្លាំងប្រដាប់អាវុធ នៃកងយោធពលខេមរភូមិន្ទ នៅគ្រប់ជំនាន់ ដោយបានឆ្លងកាត់នូវគ្រប់ដំណាក់កាលធំៗជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ រួមមានការ តស៊ូដណ្តើមឯករាជ្យ ការពុះពារ ឆ្លងកាត់ដំណាក់កាលនៃសង្គ្រាម និងរបបប្រល័យពូជសាស្រ្ត ប៉ុល ពត ជាពិសេសលើមូលដ្ឋាននៃជ័យជម្នះថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ ដែលបានកសាងនូវអ្វីៗគ្រប់យ៉ាងដូចបច្ចុប្បន្ននេះ។ ដូច្នេះ ដើម្បីបន្តនូវគំរូវីរភាពដ៏ឧត្តុងឧត្តមថ្លៃថ្លានេះ សូមកម្លាំងប្រដាប់អាវុធទាំងអស់ ជាពិសេសកងយោធពលខេមរភូមិន្ទ សូមបន្តការពារមាតុភូមិ ការពារសន្តិសុខសណ្តាប់ធ្នាប់ ថែរក្សារាល់សមិទ្ធផលរបស់ជាតិឲ្យគង់វង្សស្ថិតស្ថេរ រួមចំណែក កសាង អភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរីកចម្រើនរុងរឿង ក្នុងឯករាជ្យ សន្តិភាព ស្ថិរភាព និងរួបរួមក្នុងមហាសាមគ្គីជាតិដ៏ទូលំទូលាយដោយគ្មានការកើតឡើងជាថ្មីទៀតនូវសង្គ្រាមសោកនាដកម្ម និងគ្រោះមហន្តរាយដូចអតីតកាល។

ឯកឧត្តម បន្ថែមទៀតថា ទិវាបុណ្យឯករាជ្យជាតិនិងទិវាខួបកំណើតកងយោធពលខេមរភូមិន្ទនាពេលនេះ បានឆ្លុះបញ្ចាំង ពីជោគជ័យក្នុងកម្លាំងមហាសាមគ្គីរបស់ប្រជាជាតិខ្មែរយើងទាំងមូល ដែលបានឆ្លងកាត់ដំណាក់កាលមួយ ទៅដំណាក់កាលមួយប្រកបដោយភាពបត់បែននៃដំណើរប្រវត្តិសាស្ត្រដ៏ស្មុគស្មាញជាច្រើន ជាពិសេស ឆ្លងកាត់រយៈពេល ៦៤ឆ្នាំកន្លងមក រហូតដល់បច្ចុប្បន្ននេះ គឺនៅតែរក្សាបាននូវអត្តសញ្ញាណជាកម្លាំងប្រដាប់អាវុធរបស់ជាតិកម្ពុជាជាកងយោធពលខេមរភូមិន្ទដ៏អង់អាចក្លាហាន ដែលប្រសូត្រចេញពីប្រជាជន ដើម្បី ប្រជាជន និងឆ្លើយតបទៅនឹងសំណូមពរនៃការតស៊ូដ៏ត្រឹមត្រូវរបស់ប្រជាជន អ្វីៗទាំងអស់ដើម្បីបម្រើ ឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជាជាដរាបតរៀងមក និងយូរអង្វែងផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្ត សម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះវិញ្ញាណខ័ន្ត ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ និងចំពោះវិញ្ញាណខ័ន្ធអ្នកស្នេហាជាតិខ្មែរយើងគ្រប់ជំនាន់ និងសូមថ្លែងអំណរគុណចំពោះកងកម្លាំងទាំងអស់ ជាពិសេសកងយោធពលខេមរភូមិន្ទដែលបានបំពេញនូវសកម្មភាពជាប្រវត្តិសាស្ត្ររបស់ខ្លួន ប្រកបដោយស្មារតីពលិកម្មដ៏ឧត្តុងឧត្តម ចាប់តាំងពីពេលកសាងឡើងនាថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ១៩៥៣ មកដល់បច្ចុប្បន្ន។

23275343_1631663813559150_7371675329233189530_o 23405919_1631664430225755_3558531220801247251_o23275365_1631663803559151_5312784947329933679_o  23275583_1631664386892426_3179974241883659671_o 23275743_1631663976892467_3978301336406877848_o 23334245_1631664023559129_3905789896083594124_o  23467126_1631664463559085_866886815991810591_o23275571_1631664496892415_1397048162605634561_o