ឯកឧត្តម សុខ លូ អំពាវនាវឲ្យសមាជិក សមាជិកា និងបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ ទំាងពេញសិទ្ធិ បម្រុងទំាងអស់ ក្នុងស្រុកសន្ទុក ចូលរួមថែរក្សាសន្តិភាព និងធ្វើអំពើល្អជាមួយប្រជាពលរដ្ឋកើនឡើងទ្វេរដង
ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានថ្លែងថា “គោលការណ៍របស់គណបក្សប្រជាជនកម្ពុជា គឺសមូហភាពដឹកនាំ តែបុគ្គលទទួលខុសត្រូវ មតិភាគតិច ត្រូវគោរពមតិភាគច្រើន សមាជិកម្នាក់ៗ ត្រូវគោរពអង្គការចាត់តំាង ថ្នាក់ក្រោមត្រូវគោរពថ្នាក់លើ!” ។
ឯកឧត្តមមានប្រសាសន៍ថ្លែងយ៉ាងដូច្នេះ កាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកា និងបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ ទំាងពេញសិទ្ធិ បម្រុងទំាងអស់ ក្នុងស្រុកសន្ទុក។
ឯកឧត្តមបានបន្តទៀតថា ប្រទេសមួយដែលមានការអភិវឌ្ឍន៍រីកចំរើន លុះត្រាតែក្នុងប្រទេសនោះមានសុខសន្តិភាព ប្រជាពលរដ្ឋមានសិទ្ធិសេរីភាព ប៉ុន្តែបើប្រទេសមិនមានសុខសន្តិភាព ប្រជាពលរដ្ឋមិនមានសិទ្ធិសេរីភាពទេ ប្រទេសនោះក៏គ្មានការអភិវឌ្ឍន៍រីកចំរើនដែរ។ ឯកឧត្តមបន្ថែមទៀតថា ការរំលាយគណបក្សសង្រ្គោះជាតិចោល ដោយតុលាការកំពូល មិនមែនមកពីអ្នកណានោះទេ គឺមកពីមេបក្សសង្រ្គោះជាតិខ្លួនឯង ដែលមានគំនិតក្បត់ជាតិ ក្បត់រដ្ឋធម្មនុញ្ញ ក្បត់ពាក្សសម្បថដែលបានស្បថមុខព្រះមហាក្សត្រ មុខព្រះស្វេត្រឆត្រ័ និងមុខព្រះភក្រ័ព្រះសង្ឃទាំងពីរគណៈ ឃុបឃិតជាមួយបរទេសចង់បង្កើតបដិវត្តន៍ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ ដូច្នេះស្របពេលគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយចោល សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្តាំផ្ញើដល់បងប្អូនទំាងអស់ ខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋកើនឡើងទ្វេរដង លុបបំបាត់កាំកុងត្រូលជជុះ បទល្មើសនានា ត្រូវចុះមូលដ្ឋានផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ ដើម្បីសាកសួរសុខទុក្ខ និងស្តាប់នូវសំណូមពររបស់ពួកគាត់ ធ្វើការដោះស្រាយបានទាន់ពេលវេលា ជាពិសេសត្រូវបន្តការសាមគ្គីភាព ឯកភាពផ្ទៃក្នុង រួមគ្នាបំរើប្រជាពលរដ្ឋទាំងអស់គ្នា មិនមានការប្រកាន់និន្នាការនយោបាយអ្វីឡើយ ដើម្បីបន្តការគាំទ្រ និងភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជាបន្តទៀត។
ចុងបញ្ចប់ឯកឧត្តមប្រធានគណបក្សបានផ្តាំផ្ញើដល់សមាជិកគណៈកម្មការទាំងអស់ អោយធ្វើយ៉ាងណាទៅបោះឆ្នោតអោយបានគ្រប់គ្នា ហើយអោយសមាជិកសមាជិកាបក្សប្រជាជនម្នាក់ ក្លាយជាសន្លឹកឆ្នោតពិតប្រាកដរបស់បក្សមួយសន្លឹក៕