ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន ក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខផ្ទាល់ និងនាំយកថវិកា សម្ភារៈប្រើប្រាស់ ស្បៀង អាហារជាច្រើន និងសង់ផ្ទះឡើងវិញ ជូនចំពោះគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះទាំងស្រុង ចំនួន៣គ្រួសារ រស់នៅក្នុងភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍ទៅកាន់គ្រួសាររងគ្រោះ ដោយបញ្ជាក់ពីទឹកចិត្តក្រៀមក្រំ ចូលរួមការសោកស្តាយ ដោយទទួលបានព័ត៌មាននេះ ។ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណដល់ព្រះសង្ឃ ជាព្រះអនុគណស្រុកបារាយណ៍ សាខាកាកបាទក្រហម កងកម្លាំង និងអាជ្ញាធរ ខេត្តកំពង់ធំ និងស្រុកបារាយណ៍ ដែលបានចូលរួមអន្តរាគមន៍ លើការងារមនុស្សធម៌នេះទាន់ពេលវេលា ។ ឆ្លៀតឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ចំពោះ ព្រះសង្ឃ មន្ត្រីរាជការ និងលោកតា លោកយាយ អំពីសភាពការណ៍ និងការវិវត្តទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ចដែលកំពុងមានការអភិវឌ្ឍនគ្រប់វិស័យ របស់ព្រះរាជាណាចក្រកម្ពុជា យើងផងដែរ ។
គណបក្សប្រជាជនកម្ពុជា ដែលកើតពីប្រជាជន ដើម្បីប្រជាជន ប្តេជ្ញាការពារឱ្យបាននូវ រាជរដ្ឋាភិបាលស្របច្បាប់ ក្នុងការអនុវត្តយុទ្ធសាស្ត្រ ការពារដាច់ខាតសន្តិភាព ដើម្បីអនុវត្តសេដ្ឋកិច្ចប្រកបដោយចិរភាព និងជីវភាពរុងរឿងរបស់ប្រជាជនកម្ពុជា ។
លោកយាយ ចាន់ ឈីន, លោកយាយ ប៊ិច គៅ, លោកយាយ ឌី ឆេន សុទ្ធតែជាស្ត្រីមេម៉ាយ បានជួបគ្រោះអគ្គីភ័យនេះ សម្តែងនូវទឹកចិត្តរំភើប ថ្លែងអំណរគុណជាទីបំផុត និងមិនអាចបំភ្លេចបានចំពោះទឹកចិត្តសប្បុរសរបស់ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ដែលបានជួយពួកគាត់ទាន់ពេលវេលា នៅពេលជួបគ្រោះអាក្រក់បំផុត និងគ្មានទីពឹងក្នុងជីវិតបែបនេះ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានផ្តល់អាហារូបករណ៍សិក្សា ថ្នាក់ឧត្តមសិក្សារយៈពេល៤ឆ្នាំ នៅវិទ្យាស្ថានក្រុងអង្គរ ខេត្តកំពង់ធំ ដល់ក្មួយស្រីឈ្មោះ សៀង សុមុនីឡែន ស្ថិតនៅក្នុងគ្រួសាររងគ្រោះនេះផងដែរ ។