ឯកឧត្តម សុខ លូ ជំរុញមន្ត្រីទំាងអស់ ត្រូវអនុវត្តអភិក្រមទំាង៥ ងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់


ឯកឧត្តម សុខ លូ ជំរុញមន្ត្រីទំាងអស់ ត្រូវអនុវត្តអភិក្រមទំាង៥ ងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់

ឯកឧត្តម សុខ លូ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំមន្ទីរអង្គភាព អភិបាលក្រុង ស្រុក និងមន្ត្រីទាំងអស់ត្រូវខិតខំធ្វើការងារដោយយកចិត្តទុកដាក់ គោរពតួនាទី ភារកិច្ចរបស់ខ្លួន ពង្រឹងសេចក្តីសុខជូនប្រជាពលរដ្ឋ ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ ដោយផ្តើមចេញពីខ្លួនឯងជាមុន ហើយប្រធានមន្ទីរអង្គភាពត្រូវត្រួតពិនិត្យម៉ូតូរបស់មន្រ្តី តើមានកញ្ចក់ និងមួកសុវត្ថិភាព ហើយឬនៅ? ចំពោះមន្ត្រីជំនាញនគរបាលចរាចរណ៍ផ្លូវ ត្រូវរឹតបណ្តឹងនូវការបាញ់ល្បឿនរថយន្តបន្ថែមទៀត ដោយមានភាពច្បាស់លាស់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ រឹតបណ្តឹងពង្រឹងកន្លែងស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តឲ្យបានត្រឹមត្រូវ កុំកន្ទេលធំបន្លំដេក ដោយពិនិត្យទៅលើរថយន្តធុនធ្ងន់ដឹកលើសទម្ងន់ និងការប្រើប្រាស់គ្រឿងញៀន។ ករណីនេះឯកឧត្តម អភិបាលខេត្ត បញ្ជាឲ្យសមត្ថកិច្ច ត្រូវធ្វើការផាកពិន័យទៅតាមច្បាប់ គឺចង់ឲ្យគាត់ដឹងខ្លួន និងមានការភ្ញាក់រលឹក ម្យ៉ាងវិញទៀតប្រសិនបើមានរថយន្តកែច្នៃខុសលក្ខណៈច្ចេកទេសទៀត ត្រូវធ្វើការកាត់ទ្រុងនៅនឹងកន្លែងតែម្តង។ ឯកឧត្តមបន្តទៀតថា កន្លងមកនៅក្នុងខេត្តកំពង់ធំ មន្ត្រី និងសមត្ថកិច្ចពាក់ព័ន្ធ តែងតែចុះអនុវត្តច្បាប់តាមដងផ្លូវ កាត់ទ្រុងរថយន្តកែច្នៃលក្ខណៈខុសបច្ចេកទេសជាបន្តបន្ទាប់ ប៉ុន្តែនៅមិនទាន់អស់ទាំងស្រុកនោះទេ ហើយក៏មានក្រុមហ៊ុនដឹកជញ្ជូនខ្លះបើកបរនៅលើដងផ្លូវមិនមានឯកសារគ្រប់គ្រាន់រួមទាំង រថយន្ត និងអ្នកបើកបរនៅពេលសមត្ថកិច្ចហៅត្រួតពិនិត្យឃើញញ។ ចំពោះការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅតាមដងផ្លូវជាតិ ត្រូវលុបបំបាត់ចោលទំាងស្រុង លើកលែងតែប៉ុស្តិ៍ដែលជាកន្លែងការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងប៉ុស្តិ៍ត្រួតពិនិត្យគ្រឿងញៀន ជាតិផ្ទុះតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា៖ ក្រោយពីទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅខេត្តកំពង់ចាម បានព្រមានចាត់វិធានការធ្ងន់ៗ ចាប់ពីម៉ោង ០០:០០យប់នេះ តទៅនឹងមិនអនុញ្ញាតឲ្យ រថយន្តតទ្រុងខុសបច្ចេកទេស បើកបរលើដងផ្លូវតទៅទៀតឡើយ ព្រោះរថយន្តទាំងនោះបានធ្វើឲ្យខូចខាតដល់ផ្លូវ ស្ពាន ដែលរាជរដ្ឋាភិបាលខិតខំសាងសង់យ៉ាងលំបាក។ ចាប់ពីម៉ោង ០០:០០ ថ្ងៃទី០៩ខែ កុម្ភៈ ឆ្នាំ ២០១៨ រហូតដល់ម៉ោង ៦:០០ ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៨ ក្រុមការងារ បានឃាត់រថយន្តដើម្បីពិនិត្យលក្ខណ:បច្ចេកទេស និងវាស់វែងបានចំនួន ៨០១ គ្រឿង រកឃើញខុសលក្ខណៈបច្ចេកទេស ៣៣គ្រឿង រថយន្តផ្ទុកទំនិញសំពីងសំពោង ២៥ គ្រឿង គ្មានបណ្ណបើកបរ ០៤គ្រឿង រថយន្តគ្មាស្លាកលេខ០៤គ្រឿង និងរកឃើញមានអ្នកផ្ទុកសារធាតុញៀន ០៨នាក់ ។

ឯកឧត្តម សុខ លូ ថ្លែងយ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ពង្រឹងការអនុវត្តភារកិច្ចមន្ត្រីនគរបាលយុត្តិធម៌ នៅព្រឹកថ្ងៃច័ន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨៕

photo_2018-02-12_09-13-08 photo_2018-02-12_09-13-12 photo_2018-02-12_09-13-13photo_2018-02-12_09-13-30 photo_2018-02-12_09-13-15 photo_2018-02-12_09-13-26