រាជរដ្ឋាភិបាលផ្ទេរថវិកាជាង២០០០លានដុល្លារ ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ


រាជរដ្ឋាភិបាលផ្ទេរថវិកាជាង២០០០លានដុល្លារ ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
លោកឧបនាយករដ្ឋមន្រ្ដី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានថ្លែងថា ក្នុងរយៈពេលជិត២ទសវត្សរ៍ តាមរយៈកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាលបានផ្ទេរថវិកាជាង ២០០០លានដុល្លារ ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចាត់ចែងប្រើប្រាស់ សម្រាប់ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។
បើតាមលោកឧបនាយករដ្ឋមន្រ្ដី ស ខេង ក្នុងរយៈពេលជិត ២ទសវត្សរ៍កន្លងមកបានបង្ហាញឲ្យឃើញថា កំណែទម្រង់នេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ អភិបាលកិច្ចល្អ ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងដោះស្រាយបាននូវបញ្ហាប្រឈម ជាអាទិភាពនានា នៅតាមមូលដ្ឋានផ្សេងៗគ្នា។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានគូសបញ្ជាក់ថា ផ្អែកលើធនធានទាំងនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ បានអនុវត្តន៍គម្រោង ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដខ្នាតតូចជាច្រើន ដូចជាផ្លូវលំជនបទ ប្រព័ន្ធស្រោចស្រព សំណង់អនាម័យជនបទ សំណងផ្គត់ផ្គង់ទឹកស្អាត និងសំណង់ផ្សេងៗទៀតជាដើម និងគម្រោងមិនមែន ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលពាក់ព័ន្ធនឹងការលើកកម្ពស់ ការផ្ដល់ សេវាសង្គមនានាដូចជា អនាម័យជនបទ ការគាំពារមាតា និងទារក យេនឌ័រ ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការចងក្រងសហគមន៍តាមមូលដ្ឋាន ដើម្បីលើកស្ទួយផលប្រយោជន៍របស់ក្រុមជនងាយរងគ្រោះ គម្រោងបង្កើនប្រាក់ចំណូល លក្ខណៈគ្រួសារ និងគម្រោងអភិរក្សធនធានធម្មជាតិជាដើម។
ការលើកឡើងទាំងអស់នេះ របស់លោកឧបនាយករដ្ឋមន្រ្ដី ស ខេង ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២១០១៨នេះ ក្នុងឱកាសលោក អញ្ជើញជាអធិបតីក្នុងសន្និសីទជាតិ ស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្រោមប្រធានបទ «មេរៀនបទពិសោធន៍ បញ្ហាប្រឈម និងចក្ខុវិស័យនៅអនាគត» ដោយមានអ្នកចូលរួមប្រមាណជិត៣០០០នាក់។
លោកឧបនាយករដ្ឋមន្រ្ដី ស ខេង លើកឡើងថា ទោះបីកំណែទម្រង់នេះ មានការវិវឌ្ឍន៍ទៅមុខជាលំដាប់ ស្របតាមដំណាក់កាលនីមួយៗ ដូចបានកំណត់ នៅក្នុងកម្មវិធីជាតិ រួមជាមួយនឹងការបង្កើតបាននូវសមិទ្ធផលជាច្រើន គួរឲ្យកត់សម្គាល់ក៏ដោយ ក៏បច្ចុប្បន្នកំណែទម្រង់នេះ បាននឹងកំពុងឈានចូលដល់ ដំណាក់កាលកាន់តែស៊ីជម្រៅ និងកាន់តែសាំញាំទាំងក្នុងកិច្ចការនយោបាយ និងផ្នែកបច្ចេកទេស ដែលទាមទារឲ្យបន្ដពង្រឹងការប្ដេជ្ញាចិត្តខាងនយោបាយ ក្នុងរាជរដ្ឋាភិបាលទាំងមូល។ បន្ថែមពីនេះ ត្រូវពង្រឹងកិច្ចសហការ ការចូលរួម និងការគាំទ្រ ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងការបន្ដអនុវត្តកិច្ចដំណើរការ កំណែទម្រង់ក្នុងដំណាក់កាលទី៣ នៃកម្មវិធីជាតិ ដើម្បីធានាឲ្យប្រព័ន្ធគ្រប់គ្រង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែមានប្រសិទ្ធភាព កាន់តែឆ្លើយតប និងកាន់តែមានគណនេយ្យ ក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋផងដែរ ៕

28276542_560098437704502_4724369983681267162_n28166342_560098434371169_7983376281544785256_n - Copy

28167189_560098441037835_2688054796261943828_n 28276527_560098574371155_8519146018386195857_n