ក្រសួងការបរទេសកម្ពុជា ថ្កោលទោស និងជជែកពិភាក្សាជាមួយស្ថានទូតអូស្ត្រាលីរឿងខ្មែរ នៅអូស្ត្រាលីដុតរូបទីងមោង
នៅទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា «ក្រសួងបាននឹងកំពុងធ្វើការសម្របសម្រួល តាមផ្លូវការទូតជាមួយអូស្ត្រាលី ដើម្បីធានាបាននូវការគោរពចំពោះកិត្តិយស និងភាពថ្លៃថ្នូររបស់ថ្នាក់ដឹកនាំកម្ពុជា ជាពិសេសក្នុងឱកាសដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងស៊ីដនី ក្នុងខែមីនាខាងមុខ តាមការអញ្ជើញផ្លូវការរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី»។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការដុតរូបទីងមោង ដោយភ្ជាប់ជាមួយរូបសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយបាននឹងកំពុងធ្វើការជាមួយស្ថានទូតអូស្ត្រាលី ដើម្បីបញ្ឈប់សកម្មភាពដ៏អសីលធម៌ទាំងនេះផងដែរ។
បើតាមលោក ជុំ សុន្ទរី ក្រសួងការបរទេសក៏នឹងធ្វើដូចគ្នានេះ ជាមួយបណ្តាប្រទេសដទៃទៀត ចំពោះករណីដុតរូបថ្នាក់ដឹកនាំកម្ពុជាផងដែរ។
ការចរចារវាងក្រសួងការបរទេសកម្ពុជា ជាមួយស្ថានទូតអូស្ត្រាលី ដើម្បីឲ្យមានការគោរពភាពថ្លៃថ្នូររបស់មេដឹកនាំខ្មែរនេះ បានធ្វើឡើងបន្ទាប់ពីពលរដ្ឋខ្មែរនៅអូស្ត្រាលី ដែលដឹកនាំដោយលោក ហុង លីម តំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ បាននាំគ្នាដុតរូបទីងមោងដោយមានភ្ជាប់ជាមួយរូបរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយការនិយាយនូវពាក្យអសុរសជាច្រើនថែមទៀតផង។
មានការលើកឡើងថា រដ្ឋាភិបាលអូស្ត្រាលីត្រូវតែពិចារណាលើទង្វើដ៏ឆ្គាំឆ្គងរបស់ខ្មែរនៅអូស្ត្រាលី ព្រោះការធ្វើសកម្មភាពនេះ ជារឿងប៉ះពាល់ដល់កិត្តិយសរបស់ថ្នាក់ដឹកនាំខ្មែរ និយាយដោយឡែកនិយាយជារួមវិញ ក៏ជាការប៉ះពាល់ដល់កិត្តិយសរបស់មេដឹកនាំអាស៊ានផងដែរ។ នៅខែក្រោយនេះអូស្ត្រាលី អញ្ជើញមេដឹកនាំអាស៊ានទាំង១០ ឲ្យទៅប្រជុំនៅក្នុងប្រទេសរបស់ខ្លួន តែបែរជាបណ្តោយឲ្យមានការប្រមាថដល់ភាពថ្លៃថ្នូររបស់មេដឹកនាំអាស៊ានទៅវិញ តើអ្វីទៅជាបំណងពិតរបស់អូស្ត្រាលី តើអូស្ត្រាលីចង់បង្កើតទំនាក់ទំនងល្អជាមួយអាស៊ាន ឬមួយយ៉ាងណា? អាស៊ាន គួរតែដឹងពីគោលការណ៍កុងសង់ស៊ីសរបស់អាស៊ាន ដូច្នេះបើអូស្ត្រាលីធ្វើឲ្យមេដឹកនាំអាស៊ានណាមួយ មិនសប្បាយចិត្តជាមួយខ្លួន នោះកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ដែលធ្វើអំឡុងថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០១៨ខាងមុខនេះ អាចនឹងមិនមានលទ្ធផលល្អនោះឡើយ៕