ទិវាប្រវត្តិសាស្ត្ត ២០ ឧសភា ១៩៧៥


ការរំលឹកថ្ងៃ ២០ ឧសភា ជាទិវាប្រវត្តិសាស្រ្តដ៏ឈឺចាប់ដែលត្រូវចងចាំបំផុត ដែលមាតុភូមិ និងប្រជាជនយើងធ្លាប់បានឆ្លងកាត់ ក្នុងរបបមួយដ៏សែនឃោរឃៅ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ក៏ដូចប្រវត្តិសាស្រ្តសកលលោក។ នោះគឺប្រវត្តិសាស្រ្តដ៏សោកសៅរបស់ប្រជាជាតិមួយ ដែលធ្លាប់មានវប្បធម៌អរិយធម៌រុងរឿង តែបែរជាត្រូវប្រឈមមុខត្រូវរលាយសូន្យវិញ។ គួររំលឹកថាបន្ទាប់ពីពួក ប៉ុល ពត បានឡើងកាន់អំណាចនៅកម្ពុជានៅថ្ងៃ ១៧ មេសា ១៩៧៥ ជិតមួយខែក្រោយមក នៅថ្ងៃ ២០ ឧសភា ១៩៧៥ ពួក ប៉ុល ពត បានប្រកាសចេញជាចំហនូវគោលការណ៍មួយរួមមានៈ ការជម្លៀសប្រជាជនចេញពីទីក្រុងនានា ការលុបចោលទីផ្សារទាំងអស់ក្នុងប្រទេស ការបំបាត់រូបិយវត្ថុទាំងអស់នៃរបបចាស់ ការដកក្រដាសប្រាក់បដិវត្តន៍ដែលបានបោះពុម្ពរួចហើយយកទុកវិញ ការផ្សឹកសង្ឃទាំងអស់ ការបង្កើតផ្ទះបាយរួមទូទាំងប្រទេស ការបណ្តេញជនជាតិវៀតណាម ការបញ្ជូនកងទ័ពទៅប្រទេសវៀតណាម ជាពិសេសព្រំដែនវៀតណាម ការបិទមន្ទីរពេទ្យទាំងអស់ក្នុងក្រុងភ្នំពេញ ការបិទមហាវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សាទូទាំងប្រទេស ការកំចាត់ចោលទាំងស្រុងនូវពួកខ្មាំងបង្កប់។ ដូច្នេះ គឺថ្ងៃ ២០ ឧសភា នោះហើយជាថ្ងៃដែលចាប់ផ្តើមអនុវត្តនយោបាយប្រល័យពូជសាសន៍នៅកម្ពុជា ដែលបានបញ្ឈប់ទាំងស្រុងនូវដំណើរការរីកចម្រើនទៅមុខរបស់សង្គមជាតិ ហើយទាញបញ្រ្ចាសឲ្យដើរថយក្រោយយ៉ាងវែង វិលទៅរកសម័យទាសភាពក្នុងបុព្វកាលវិញ។ របប ប៉ុល ពត បានបំផ្លាញទាំងស្រុងនូវក្តីសង្ឃឹមទាំងស្រុងរបស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់យ៉ាងវេទនាបំផុតនូវភ្លើងសង្រ្គាមវិនាសកម្មរយៈពេល ៥ ឆ្នាំ មកហើយ ចាប់ពីឆ្នាំ ១៩៧០ មកដោយអនុវត្តអំណាចផ្តាច់ការយ៉ាងព្រៃផ្សៃ ឆក់ប្លន់យកអស់នូវសិទ្ធិសេរីភាពរបស់ប្រជាជន ប្រែក្លាយប្រជាជនទៅជាទាសករដាច់ថ្លៃរបស់ពួកវា។មនុស្សរស់ដូចសត្វធាតុ រស់នៅក្នុងក្ដីរន្ធត់ភ័យខ្លាចរាល់ដង្ហើមចេញចូល ប្រជាជនជាងបីលាននាក់ត្រូវបាត់បង់ជីវិត និងរាប់លាននាក់ទៀតត្រូវបែកបាក់គ្រួសារ ក្លាយជាស្រ្តីមេម៉ាយ ក្មេងកំព្រា ជនពិការ…។ សង្គមកម្ពុជាត្រូវបំផ្លាញខ្ចេចខ្ទីដល់ឬសគល់គ្មានស្នាមញញឹម គ្មានសំណើចគ្មានការអំប់រំគ្មានសេចក្ដីស្រលាញ់គឺមានតែការភ័យរន្ធត់ការអត់ឃ្លាន ទារុណកម្ម និងការកាប់សម្លាប់ប៉ុណ្ណោះ ។
ប៉ុន្តែពួកប្រល័យពូជសាសន៍មិនអាចកម្ទេចស្មាតរីស្នេហាជាតិ ស្រលាញ់សេរីភាព និងយុត្តិធម៌របស់ប្រជាជនបានឡើយ ។ ក្រោមទង់រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រជាជនយើងនៅគ្រប់ទិសទីបានក្រោកឈរឡើងប្រយុទ្ធតស៊ូផ្ដួលរំលំរបបដ៏យង់ឃ្នង់នេះ រហូតទទួលបានជ័យជំនះនៅថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ដែលបានសង្គ្រោះជាតិអោយបានរស់រានឡើងវិញទាន់ពេលវេលា ហើយបង្កើតឡើងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលជារដ្ឋរបស់ប្រជាជន និងដើម្បីប្រជាជនពិតប្រាកដ ។
ដើម្បីរំលឹកទុកជាការចងចាំ និងប្ដេជ្ញាចិត្តមិនអោយប្រវត្តិសាស្រ្តដ៏ងងឹតនេះវិលសារដានមកវិញបាននោះ នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ១៩៨៣ រដ្ឋសភាអាណត្តិទី១ នៃអតីតសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្នុងសម័យប្រជុំលើកទី៥ បានអនុម័តកំណត់យកថ្ងៃ២០ ឧសភាជារៀងរាល់ឆ្នាំ ជាទិវារំលឹកវិញ្ញាណក្ខ័ន្ធប្រជាជនកម្ពុជាដែលត្រូវបាត់បង់ជីវិតក្រោមរបបប្រល័យពូជសាសន៍ (នៅពេលនោះទិវានេះត្រូវបានកំណត់ថាជាទិវាចងកំហឹងចំពោះរបបប្រល័យពូជសាសន៍ប៉ុល ពត) ។ ចាប់តាំងពីពេលនោះមកថ្ងៃ ២០ឧសភា ក៏បានក្លាយជាថ្ងៃរំលឹកនូវការចងចាំចំពោះប្រវត្តិសាស្រ្តដ៏ឈឺចាប់របស់ចាប់របស់កម្ពុជាក្នុងរបបប្រល័យពូជសាសន៍ ។ ជារៀងរាល់ឆ្នាំ ប្រជាជននូវទូទាំងតែងតែប្រារព្ធទិវានេះឡើង ដើម្បីគោរពទៅដល់វិញ្ញាណក្ខ័ន្ធនៅជនរួមជាតិដែលត្រូវស្លាប់យ៉ាងអណោចអធមក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ព្រមទាំងវរយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិខ្មែរទាំងឡាយដែលបានធ្វើពលិកម្មដ៏ឧត្តុងឧត្តមក្នុងបុព្វហេតុសង្គ្រោះជាតិ មាតុភូមិអោយរួចផុតពីរបបប្រល័យពូជសាសន៍ ។
រហូតមកដល់ពេលនេះគឺមានរយះពេលជាង៣៥ឆ្នាំហើយដែលយើងបានផ្ដួលរំលំរបបដ៏យង់ឃ្នងនេះ គណបក្សប្រជាជនកម្ពុជាបានពុះពាររាល់ឧបសគ្គយ៉ាងលំបាកលំបិនជាទីបំផុតប្រឹងប្រែងស្ដារនិងកសាងប្រទេសចេញពីបាតដៃទទេពីគំនរផេះផង់ ធ្វើឪ្យទឹកដីមាតុភូមិត្រូវបានស្ដារឡើងវិញនិងរីកចំរើន ជាជំហានៗ និងបានធ្វើឪ្យរលំរលាយទាំងស្រុងនៅអង្គការចាត់តាំងទាំងខាងនយោបាយ និងយោធាដែលនៅសេសសល់របស់ពូកប្រល័យពូជសាសន៍ នាំមកនូវសន្តិភាពពេញលេញជូនប្រជាជាតិ ។ បច្ចុប្បន្នប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខសាន្តក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ហើយកំពុងអស់កំលាំងកាយ កំលាំងចិត្តដើម្បីអភិវឌ្ឍប្រទេសជាតិនិងលើកកំពស់ជីវភាពរស់នៅអោយកាន់តែប្រសើរឡើងឥតឈប់ឈរ ។ សមិទ្ធផលទាំងអស់នេះគឺផ្ដើមចេញពីជ័យជំនះ ៧មករា ។ នេះជាសច្ចធម៌ប្រវត្តិសាស្រ្តដែលយើងទាំងអស់គ្នាត្រូវតែចងចាំ ។
រំលឹកនូវការចងចាំពីអតីតកាលដ៏ឈឺចាប់ក្នុងរបបប្រល័យពូជសាសន៍ គឺជាការទទួលខុសរបបប្រជាជនកម្ពុជាយើងគ្រប់ៗរូបជាពិសេសក្នុងមជ្ឍដ្ឋានយុវជនដែលជាអ្នកបន្តរវេនកសាងអនាគតប្រទេសជាតិទៅមុខទៀត ។ យុវជនកម្ពុជាគ្រប់ៗរូប គប្បីមានទស្សន:ឪ្យបានត្រឹមត្រូវចំពោះប្រវត្តិសាស្រ្តរបស់ជាតិ យល់ដឹងអំពីមេរៀន នឹងបទពិសោធន៍នានាដែលជាតិយើងបានទទួលពីដំណាក់កាលនីមួយៗនៃប្រវត្តិសាស្រ្ត ពួតដៃគ្នាជាធ្លុងមួយដើម្បីការពារមរតកដ៏ថ្លៃថ្លាទាំងឡាយដែលបុព្វការីយើងបានបន្សល់ទុកឪ្យ និងអភិវឌ្ឍប្រទេសទៅមុខទៀតឳ្យបានខ្លាំងក្លាឡើង ។ ទន្ទឹមនេះយុវជនកម្ពុជាយើងមិនត្រូវធ្លាក់ចូលក្នុងស្ថានភាពបំភ្លេចចោលនូវប្រវត្តិសាស្រ្តរបស់ជាតិខ្លួន ដោយសារតែការភូតកុហកបោកប្រាស់ញុះញង់របស់ក្រុមអ្នកនយោបាយអគតិ និងមជ្ឍដ្ឋានបរទេសមួយចំនួននោះឡើយ ។ ប្រជាជាតិមួយតែងតែមានប្រវត្តិសាស្រ្តរបស់ខ្លួន ហើយការចងចាំប្រវត្តិសាស្រ្តរបស់ខ្លួន គឺជាកត្តាដ៏សំខាន់ចាំបាច់មួយនៃអត្ថិភាពរបស់ប្រជាជាតិនោះ៕

26001120_960874630728278_2202389819284137024_n

 15871755_168151050332628_2872449725361883383_n

  16832194_250859015364354_2681802601552511328_n

16938527_250858988697690_7373940274003490141_n

15781146_168150933665973_3290884600957746_n