ឯកឧត្តម សុខ លូ សំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ៤៦៣ នាក់


ពិធីសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ចំនួន ៤៦៣នាក់ នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក រៀបចំពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ចំនួន ៤៦៣នាក់ ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ ។

បន្ទាប់ពីលោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក បានធ្វើរបាយការណ៍សង្ខេបអំពីស្ថានភាពភូមិសាស្ត្រស្រុករួចមក ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា បានថ្លែងអំណគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានបង្ហាត់បង្រៀនដល់សិស្សានុសិស្ស ឲ្យក្លាយជាសិស្សល្អ ពលរដ្ឋល្អ មានគំនិតចូលរួមអភិវឌ្ឍន៍សង្គម ក្នុងនោះឯកឧត្តម ក៏បានជំរុញដល់លោកគ្រូ អ្នកគ្រូទាំងអស់ ខិតខំបង្កើនសមត្ថភាព ការសិក្សាស្រាវជ្រាវ តាមរយៈការអាន ឬបច្ចេកវិទ្យាថ្មីៗ ដើម្បីឈានទៅរកចំណេះដឹងថ្មីបន្ថែមទៀត និងប្រកាសគាំទ្រ នូវកំណែទម្រង់វិស័យអប់រំរបស់រាជរដ្ឋាភិបាល និងជំរុញឲ្យមន្ត្រីក្នុងវិស័យអប់រំ ក៏ដូចជាលោកគ្រូ អ្នកគ្រូទាំងអស់ ចូលរួមអនុវត្តការងារកំណែទម្រង់នេះ ឲ្យទទួលបានលទ្ធផលល្អ ប្រកបដោយគុណភាព សមត្ថភាព ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ឲ្យមានការរីកលូតលាស់បន្តទៅមុខ។

ឯកឧត្តមបានបន្ថែមទៀតថា សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សង្រ្គាម និងបង្រួបបង្រួមជាតិឡើងវិញបានជោគជ័យ ដោយនយោបាយ ឈ្នះ! ឈ្នះ! ជាមួយនឹងការយកចិត្តទុកដាក់លើចំណុចសំខាន់ៗ ចំនួន ៣ រួមមាន៖ ទី១៖ ធានាការពារអាយុជីវិតប្រជាពលរដ្ឋ ក្នុងពេលធ្វើសមាហរណកម្ម, ទី២៖ រក្សាអាជីព និងមុខរបរប្រជាពលរដ្ឋឲ្យនៅដដែល និងទី៣៖ រក្សានូវកម្មសិទ្ធិ រួមទាំងទ្រព្យសម្បត្តិទាំងឡាយ របស់ប្រជាពលរដ្ឋ ដោយគ្មានការរឹបអូស ហើយអាចឈរជើងរស់នៅ និងប្រកបការងារជាធម្មតានៅទីតាំងនោះបាន។ លក្ខខណ្ឌទាំង៣នេះហើយ នាំឲ្យប្រទេសជាតិមានសុខសន្តិភាពមកទល់សព្វថ្ងៃ បានធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធ ឲ្យមានការរីកចម្រើន ដោយផ្តើមចេញពីយើងទាំងអស់គ្នា។

ឯកឧត្តម ជា អឿង បានពាំនាំនូវការសាកសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបានបញ្ជាក់ថា ពិធីជួបជុំថ្ងៃនេះ គឺជាការលើកទឹកចិត្តដោយផ្ទាល់ ពីសំណាក់ប្រមុខថ្នាក់ដឹកនាំ ចំពោះលោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ ហើយកំណែទម្រង់ចុងក្រោយក្នុងវិស័យអប់រំនេះ គឺជាជោគជ័យដ៏ធំក្នុងវិស័យអប់រំ ពីព្រោះបច្ចុប្បន្នកម្ពុជាមានប្រព័ន្ធអប់រំច្បាស់លាស់ ខុសពីពេលកន្លងទៅ ដែលអ្នកចេះ បង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះ បង្រៀនអ្នកមិនចេះ ប៉ុន្តែបច្ចុប្បន្នលោកគ្រូ អ្នកគ្រូសុទ្ធតែមានគរុកោសល្យត្រឹមត្រូវ ហើយដើម្បីបង្រៀនសិស្សឲ្យមានសមត្ថភាព លុះត្រាតែលោកគ្រូ អ្នកគ្រូ មានចំណេះ និងជំនាញពិតប្រាកដ។

ទន្ទឹមនឹងនេះ ឯកឧត្តម គណៈអធិបតី ក៏បានផ្តល់នូវសៀវភៅអប់រំទូន្មានរបស់ព្រះភិរម្យភាសា អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង ចែកជូនលោគ្រូ អ្នកគ្រូខាងលើម្នាក់២ក្បាល រួមនិងថវិការមួយចំនួនទៀតផងដែរ៕