ព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៥ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតី ក្នុងឱកាសផ្សព្វផ្សាយ ស.ជ.ណ ដល់ប្រជាពល រដ្ឋនៅឃុំ ម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។ បន្ទាប់ពីលោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោង អានសុន្ទរកថាស្វាគមន៍ ដោយបានលើកឡើងអំពីការងារសន្តិសុខសណ្តាប់ធ្នាប់ ការងារបង្កបង្កើនផល និងស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋ រស់នៅក្នុងឃុំម្សាក្រងដល់អង្គពិធីរួចមក ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានអានសេចក្តីជួនដំណឹងលេខ ៥៥៣ សជណ.ផភ របស់ទីស្ដីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៥ ស្ដីពីករណី គោរពស្នើសុំ ការអនុញ្ញាតិជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ដើម្បីសុំឆ្វៀលដីលំនៅដ្ឋាន និង ដីកសិកម្ម របស់ ប្រជាពលរដ្ឋស្ថិតនៅឃុំ ម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ចេញពីតំបន់២ មកតំបន់១ ដោយយោងលិខិតលេខ ១០៥ លស.កថជ/កក ចុះថ្ងៃទី១២ ឧសភា ២០១៥ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តកំពង់ធំ និងចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៥។ មានប្រសាសន៏សំណេះសំណាល ក្នុងឱកាសនោះឯកឧត្តម ថោង ខុន បានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់ ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធឹបណ្ឌិត ដែលសម្តេចទាំងពីរ តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលជួបការលំបាកនៅគ្រប់ ទីកន្លែងនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ថោង ខុន បន្តទៀតថា ការឆ្វៀលដីពីតំបន់២ ទៅតំបន់១ គឺជាការ សំណូមពររបស់ប្រជាពលរដ្ឋ ប៉ុន្តែដីទាំងអស់ដែលបានចេញ ស.ជ.ណ ហើយបងប្អូន គឺគ្មានសិទ្ធិទិញ លក់ ផ្ទេរទៅឲ្យក្រុមឈ្មួញណាមួយឡើយ។ ឯកឧត្តម មានប្រសាសន៍ផ្តាំផ្ញើដល់ អជ្ញាធរ សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ ត្រូវធ្វើយ៉ាងណាពន្យល់ប្រជាពលរដ្ឋឲ្យគាត់បានយល់ពីបញ្ហាដែលបានកើតឡើង។