សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបជាមួយយុវសិស្សសាលាហ្សាម៉ាន់ ដែលជាជ័យលាភីនៃកម្មវិធីឯកទគ្គកម្មអន្តរជាតិ អូឡាំព្យាដ ។ កម្មវិធីឯកទគ្គកម្មអន្តរជាតិ អូឡាំព្យាដ គឺជាកម្មវិធីបានបង្កើតឡើងកាលពីខែមិថុនា ឆ្នាំ២០១១ នៅសហរដ្ឋអាមេរិក កម្មវិធីនេះ ត្រូវគេធ្វើជារៀងរាល់ឆ្នាំនៅសប្តាហ៍ទី៣ ក្នុងខែមិថុនា ។
ចំពោះលក្ខខណ្ឌនៃការចូលរួមប្រឡង គឺតម្រូវឱ្យយុវសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ មានអាយុចន្លោះពី១៤ឆ្នាំ ដល់ ១៨ឆ្នាំ ក្នុងនោះមានការសរសេរគម្រោងជាប្រធានបទថ្មី មានសមត្ថភាពក្នុងការសរសេរ និងនិយាយភាសារអង់គ្លេស និងមានគំនិតក្នុ្ងងការបង្កើតថ្មី ។
ចាប់តាំងពីឆ្នាំ ២០១១ រហូតមកដល់ ឆ្នាំ ២០១៥នេះ សាលាអន្តរជាតិហ្សាម៉ាន់ បានបញ្ជូន សិស្សទៅចូលរួមក្នុងកម្មវិធីឯកទគ្គកម្មអន្តរជាតិអូឡាំព្យាដ នេះចំនួន ៣៤នាក់ហើយ ក្នុងនោះមាននារី ២៦នាក់ ទទួលបានមេដាយសរុបចំនួន២៤គ្រឿង ក្នុងនោះមេដាយមាស ៦គ្រឿង ប្រាក់ ១០គ្រឿង និងសំរឹទ្ធ ៨គ្រឿង ។ នៅឆ្នាំ ២០១៥នេះ សាលាបានបញ្ជូនសិស្សចំនួន ១៧នាក់ ចូលរួមប្រឡង ក្នុងនោះនារី ១៣នាក់ ដែលទទួលបានមេដាយមាស២ ប្រាក់៤ និងសំរឹទ្ធ៣ ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ការបញ្ជូនយុវសិស្សទៅប្រឡងនេះ គឺជាផ្នែកមួយសំខាន់ណាស់ ហើយសម្តេចបានស្នើសុំឱ្យសាលាបន្តកិច្ចការនេះ ។ សម្តេចបានសរសើរដល់ការប្រឹងប្រែងរបស់យុវសិស្សជាជ័យលាភីទាំងអស់ ព្រមទាំងបានសំដែងនូវការអបអរសាទរជាមួយនឹងការខិតខំនេះ ។ សម្តេចបានមានប្រសាសន៍បន្តថា អ្វីដែលទទួលបានមកនេះ គឺជាការឆ្លុះបញ្ចាំងថា កូនខ្មែរ ពិតជាមានសមត្ថភាព និងនាំមកនូវកិត្តិយស មិនត្រឹមតែសម្រាប់ប្រទេសជាតិទេ គឺថែមទាំងកិត្តិយសសម្រាប់ឪពុក ម្តាយ និងសាលាទៀតផង ។
ដើម្បីជាការលើកទឹកចិត្តចំពោះជ័យលាភីនេះ ក្រសួងអប់រំ យុវជន និងកីឡា បានឧបត្ថម្ភថវិកា ដល់យុវសិស្សដែលបានទទួលមេដាយមាស ក្នុងម្នាក់ៗ ៤លានរៀល, មេដាយប្រាក់ម្នាក់ៗ ៣លាន ៥សែនរៀល និងមេដាយសំរឹទ្ធម្នាក់ៗ ៣លានរៀល ។ បន្ថែមលើនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់ដល់យុវសិស្សដែលទទួលបានមេដាយមាស ម្នាក់ៗ ៣ពាន់ដុល្លារ, មេដាយប្រាក់ ២ពាន់ដុល្លារ និងមេដាយសំរឹទ្ធ ១ពាន់ដុល្លារថែមទៀត ៕
(អត្ថបទស្រង់ចេញពី Website គណបក្សប្រជាជន ដោយ ឃាត់ វុទ្ធី)