សម្ពោធការតាំងពិព័រណ៍ផលិតផល កម្ពុជា-ថៃ នៅខេត្តកំពង់ធំ នៅល្ងាចថ្ងៃទី១៤ កក្កដា ២០១៥ ។ ឯកឧត្តម អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ការតាំងពិព័រណ៍ផលិតផល កម្ពុជា-ថៃ ដើម្បីពង្រឹងសេដ្ឋកិច្ច និងចំណងមេត្រីភាពរវាងខេត្តកំពង់ធំ ព្រះរាជាណាចក្រកម្ពុជា និងខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ស្ថិតនៅក្នុងបរិវេណស្តាតចាស់ ភូមិក្តី ឃុំព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ព្រឹត្តិកាណ៍តាំងពិព័រណ៍នេះមានរយៈពេល ៧ ថ្ងៃ គឺចាប់ពីថ្ងៃ ទី១៣ ដល់ទី ២០ ខែកក្កដា ឆ្នាំ២០១៥ មានអាជីវករថៃ-ខ្មែរ សរុប ១៧០ នាក់(អាជីវករថៃ ១៥០ នាក់) ដែលមកពី ៥ ខេត្តនៃប្រទេស ថៃ មានស្តង់តាំងលក់ផលិតផលសរុប ១៤៤ ស្តង់ និងមុខទំនិញចម្រុះ ដូចជាសម្ភារៈបន្ទប់គេង សម្ភារៈផ្ទះបាយ សម្លៀកបំពាក់ សម្ភារៈក្មេងលេង គ្រឿងក្រអូប អាហារ និង ភេសជ្ជៈ។ បន្ទាប់ពីបានស្តាប់របាយការណ៍លោក មាស កុសល តំណាងអាជីវករ រួចមកឯកឧត្តម អ៊ុត សំអន បានថ្លែងនូវទឹកចិត្តសប្បាយរីករាយ និងការស្វាគមន៍ការបើកពិធីតាំងពិព័រណ៍ផលិតផលរបស់ថៃ នៅក្នុងទឹកដីទីរួមខេត្តកំពង់ធំ ក្នុងឱកាសនោះឯកឧត្តមបានលើកឡើងថា ព្រឹត្តិការណ៍នេះគឺជា សេរីភាពនៃទីផ្សារសេរី ហើយវាបំពេញឲ្យគ្នាទៅវិញទៅមក រវាងតម្រូវការនៃការផ្គត់ផ្គង់ការតាំងពិព័រណ៍ នៅទីនេះចាត់ទុកថាជាការផ្តល់ឱកាស និងបង្ករលក្ខណៈងាយស្រួលដល់អតិថិជនបានប្រើប្រាស់របស់ របរដែលភាគីជាពាណិជ្ជករថៃយកមកដល់កន្លែងផ្ទាល់សម្រាប់អ្នកប្រើប្រាស់ ដោយមិនចាំបាច់ឆ្លងកាត់ មនុស្សទី ២ ឬទី ៣ ដែលធ្វើឲ្យតម្លៃដើមខ្ពស់។ ឯកឧត្តមក៏បានទទួលស្គាល់ថា ស្ថិតិសម្រាប់ការនាំចេញ នាំចូល គឺភាគីខាងថៃ ផលិត និងនាំចូលមកមានចំនួនច្រើនជាងកម្ពុជា ហើយផលិតកម្មថៃគឺពិតជា មានការរីកចម្រើន រីឯកម្ពុជាកំពុងតែបោះជំហានជាបណ្តើរៗ ហើយយើងសង្ឃឹមថានៅថ្ងៃខាងមុខ ផលិតផលក្នុងស្រុកនឹងមានបរិមាណច្រើន ដែលអាចមានឱកាសចូលរួមតាំងពិព័រណ៍នៅទីនេះ ឬ នៅ ប្រទេសជិតខាងក៏ថាបាន។ តមកឯកឧត្តម អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងលោក លោកស្រី ដែលអមដំណើរបានអញ្ជើញទស្សនា និងសំណេះសំណាលជាមួយអាជីវករនៅតាមស្តង់ ផលិតផលនីមួយៗ ដោយក្តីរីករាយ និងស្និទ្ធស្នាលបំផុត។
(អត្ថបទ និងរូបភាពដោយ ប៉ាត ពណ្ណរាយ)