ប្រជាពលរដ្ឋនៅក្រុងស្ទឹងសែន ប្តេជ្ញាបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា


ស្របនឹងប្រទេសកម្ពុជាមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះខេត្តកំពង់ធំ ក៏មានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងស្ទឹងសែន ក៏ដូចជាខេត្តកំពង់ធំទាំងមូល មានភាពសប្បាយចិត្តរីករាយ និងផ្តេជ្ញាចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងអាណត្តិទី៦នេះ។

ជាក់ស្តែងនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ជួបសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ជាង ១ពាន់នាក់ ដែលអញ្ជើញមកពីសង្កាត់កំពង់ក្របៅ នាពេលព្រឹក និងសង្កាត់កំពង់ធំ នាពេលរសៀល។

ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានជម្រាបអំពីគម្រោងអភិវឌ្ឍន៍ក្រុងស្ទឹងសែន នូវការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ សាលារៀន ប្រព័ន្ធលូរំដោះទឹកភ្លៀង ការកសាងវិមានឯករាជ្យ សាលាសង្កាត់ ព្រមទាំងគម្រោងកែលម្អសួនកុមារ និងច្រំាងស្ទឹងសែន ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពក្រុងស្ទឹងសែនឲ្យកាន់តែប្រសើរឡើងថែមទៀត។ ឯកឧត្តមបន្ថែមថា ដើម្បីបន្តការអភិវឌ្ឍស្របតាមកំណើនប្រជាជន និងសេចក្តីត្រូវការចាំបាច់ នៃការលើកកំពស់កម្រិតជីវភាព ឲ្យកាន់តែប្រសើរ រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ថែរក្សានូវសុខសន្តិភាព ស្ថិរភាពសង្គម ព្រមទាំងពង្រីកនិងពង្រឹងកំណើន សេដ្ឋកិច្ចជាតិឲ្យបានកាន់តែល្អប្រសើរឡើង។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋនៅក្នុងក្រុងស្ទឹងសែន បានសំដែងនូវការគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានឯកឧត្តម សុខ លូ ជាប្រធានគណបក្សខេត្ត ដែលតែងតែចុះសាកសួរសុខទុក្ខដោយផ្ទាល់ នៅតាមមូលដ្ឋាន មិនថានៅក្នុងក្រុង ឬនៅតាមជនបទនោះទេ។ ដើម្បីតបស្នងនូវគុណបំណាច់ដែលឯកឧត្តម អភិបាលខេត្ត ជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ប្រជាពលរដ្ឋទាំងអស់នៅក្នុងក្រុងស្ទឹងសែន ប្តេជ្ញាចិត្តទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជូនគណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រទេសប្រកបដោយចក្ខុវិស័យច្បាស់លាស់ និងបោះជំហានឈានទៅរកការអភិវឌ្ឍន៍ និងរីកចម្រើនបន្តទៀត៕