ព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៥ ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តកំពង់ធំ អនុប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្តាលចុះជួយខេត្ត អនុប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបល្ល័ង្ក និងជាប្រធានក្រុមការងារចុះជួយឃុំដូង និងលោកជំទាវ ព្រាប ដាវី បាននាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ព្រមទាំងគ្រឿងឧបភោគបរិភោគ ប្រគេនដល់វត្តអារាមចំនួន ៣ គឺ ១.វត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)ស្តិតក្នុងភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ២.វត្តជ័យរតនរង្សី (ហៅវត្តក្របៅ) ស្ថិតក្នុងភូមិក្របៅ ៣.វត្តស្រីឯកោរាមាធិបតី (ហៅវត្តដូង ) ស្ថិតក្នុងភូមិដូង វត្តទាំងពីរនេះស្ថិតក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ។ បន្ទាប់ពីនមសិកា សមាទានសីល និងវេរប្រគេនទានព្រះវស្សា ទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគរួចមកឯកឧត្តម បានមានប្រសាសន៍ថានៅពេលខាងមុខនេះព្រះសង្ឃនៅគ្រប់ទីវត្តអារាមទូទាំងព្រះរាជាណាចក្រកម្ពុជាគោរពប្រពៃណីសាសនាព្រះពុទ្ធត្រូវចូលកាន់ព្រះវស្សាក្នុងរយៈពេលអស់មួយត្រីមាស។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថាសុំឲ្យបងប្អូនប្រជាពលរដ្ឋមិនត្រូវជឿអ្វីផ្តេសផ្តាសឡើយ គឺខិតខំប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតដើម្បីឲ្យគ្រួសាររបានធូរធារ និងជួយពង្រឹងមូលដ្ឋានដើម្បីរក្សានូវភូមិឃុំមានសុវត្ថិភាព ។ក្នុងឱកាសនោះ ឯកឧត្តម និងសហការីក៏បានប្រារព្ធធ្វើពិធីវេរប្រគេនទៀនព្រះវស្សា ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នៃយើងដើម្បីឧទ្ទិសកុសលផលបុណ្យដល់ បុព្វការីជន សាច់សាលោហិត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីមរណៈ ក្នុងបុព្វហេតុជាតិមាតុភូមិ ដែលបានចែកឋានទៅកាន់លោកខាងមុខផងដែរ។ សម្ភារៈបរិក្ខាដែលបានប្រគេនព្រះសង្ឃនាឱកាសនោះវត្តឥន្ទ្រីយ៍សំវរៈ ទទួលបានទៀនព្រះវស្សា ០១គូ អង្ករ ១៥០ គក្រ មី ២ កេស ទឹកបរិសុទ្ធ ២ កេស ទឹកក្រូច ទឹកផ្លែឈើ ២កេស ត្រីខកំប៉ុង ២ យួរ និងបច្ច័យ៤០ម៉ឺនរៀល ចំណែកវត្តក្របៅ និងវត្តដូងទទួលបានទៀនវស្សា០១គូ អង្ករ ៥០ គក្រ មី ២ កេស ទឹកបរិសុទ្ធ ២ កេស ទឹកក្រូច ទឹកផ្លែឈើ ២កេស ត្រីខកំប៉ុង១ យួរ និងបច្ច័យ៣០ម៉ឺនរៀលផងដែរ ។