ឯកឧត្តម សុខ លូ ផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣


ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារយុវជនខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជា ពេលព្រឹកនៅស្រុកសន្ទុក ប្រមាណ ជិត ៧០០នាក់ និងពេលរសៀលនៅក្រុងស្ទឹងស្ទែន ប្រមាណជិត ២ពាន់នាក់។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម ប្រធាន បានលើកឡើងនូវគោលនយោបារបស់គណបក្សប្រជាជនកម្ពុជាទាំង ១១ចំណុច និងមានប្រសាសន៍លើកឡើងថា គណបក្សប្រជាជនកម្ពុជា តែងតែគិតគូរជានិច្ច អំពីអត្ថប្រយោជន៍ការងារចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងកម្មករ និយោជិត។ ហើយគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងឆ្នាំ២០១៨-២០២៣នេះ បានដាក់ចេញគោលនយោបាយច្បាស់លាស់ ក្នុងការដំឡើងប្រាក់ឈ្នួលប្រចាំខែរបស់កម្មករ និយោជិត ការដំឡើងប្រាប់បៀវត្សជូនមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបង្កើនប្រាក់សោធនសម្រាប់និវត្តជន អតីតយុទ្ធជន បូកប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ជាពិសេសនៅក្នុងឆ្នាំ២០១៩ខាងមុខនេះ អាចបើកប្រាក់បៀវត្ស ២សប្តាហ៍ម្តងក្នុងមួយខែ។

បន្ថែមលើសពីនេះទៀត គណបក្សប្រជាជនកម្ពុជា ក៏បានគិតគូរពីអត្ថប្រយោជន៍ដល់ប្រជាកសិករ ដោយមិនមានការយកពន្ធលើដីកសិកម្មរបស់កសិករ ដែលបង្កបង្កើនផលជាលក្ខណៈគ្រួសារ ហើយប្រជាជនដែលគ្មានដី នឹងទទួលបានដីសម្រាប់សង់លំនៅឋាន និងបង្កង្កើនផលតាមរយៈកម្មវិធីសម្បទានដីសង្គមកិច្ច។

ឯកឧត្តម ប្រធាន បញ្ជាក់ថា ក្នុងនាមជាយុវជនរបស់គណបក្សប្រជាជនកម្ពុជាគ្រប់សាខា គឺជាសេនាធិការឲ្យគណបក្សប្រជាជនកម្ពុជាសាខានោះ ដូច្នេះសូមយុវជនទាំងអស់ ត្រូវខិតខំស្វែងយល់អំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងអនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងមូលដ្ឋានបង្រៀនបងប្អូនប្រជាពលរដ្ឋឲ្យគូសសន្លឹកឆ្នោត និងពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងការលើកស្ទួយគោនយោបាយរបស់បក្ស ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ម្យ៉ាវិញទៀត យុវជន គឺជាសសរទ្រូងនៃប្រទេសជាតិ ហើយយុវជន ត្រូវតែស្វាហាប់ ក្លាហាន និងមានសមត្ថភាព។ ក្នុងនោះ ឯកឧត្តម សុខ លូ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅចូលរួមបោះឆ្នោតអាណត្តិទី៦នេះ ដែលមានរយៈពេលតែ១ថ្ងៃគត់គឺនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដោយកុំជឿការញុះញ៉ងរបស់បុគ្គលមួយចំនួន ដែលមិនឲ្យបងប្អូនទៅបោះឆ្នោត ឬទឹកខ្មៅជ្រលក់ដៃ រយៈពេល ២៤ម៉ោង ស្លាប់ជាដើម។

តាមរយៈការខិតខំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ប្រធាន ជឿជាក់ថា នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ គណបក្សប្រជាជនកម្ពុជា នឹងឈ្នះឆ្នោតយ៉ាងសន្ធឹកសន្ធាប់។