លោក ហ៊ិន សោភ័ណ ត្រូវបានប្រកាសតែងតំាងជាប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ជំនួសលោក ឆាង កង ដែលត្រូវចូលនិវត្ត


 

លោក ហ៊ិន សោភ័ណ ត្រូវបានប្រកាសតែងតំាងជាមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ជំនួសលោក ឆាង កងដែលត្រូវចូលនិវត្ត ក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងប្រតិភូអមដំណើរ ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព មន្ត្រី ជាច្រើនរូបផងដែរ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានសម្តែងនូវការអបអរសាទ ចំពោះលោក ហ៊ិន សោភ័ណ ដែលត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មីនៅពេលនេះ និងបានកោតសរសើរដល់ថ្នាក់ដឹកនាំមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមុន មានការសាមគ្គីភាព ឯកភាពគ្នាបានល្អប្រសើរ ដូច្នេះ សូមលោកប្រធានមន្ទីរថ្មី ត្រូវបន្តថែរក្សានូវកក្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុងនេះបន្តទៀត និងធ្វើការដឹកនាំអង្គភាពឲ្យមានការរីកចម្រើន និងល្អប្រសើរជាងមុន។ ឯកឧត្តមបន្ថែមទៀតថា រាល់ការតែងតាំង ការប្រគល់ភារកិច្ច និងរៀបចំមុខតំណែងមន្រ្តីរាជការ គឺជាដំណើរការជាធម្មតាក្នុងការគ្រប់គ្រង ដឹកនាំ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល ដូចបានដាក់ចេញក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ នៃរដ្ឋសភា ជាពិសេសគឺកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល។

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មី ត្រូវខិតខំបំពេញភារកិច្ច ប្រកបដោយស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ជាពិសេសត្រូវខិតខំស្រាវជ្រាវ ស្វែងយល់ ចងក្រងឯកសារ និងទំនៀមទម្លាប់ វប្បធម៌ រូបី និងអរូបី ដែលនៅសេសសល់ពីដូនតា ដើម្បីរួមគ្នាអភិរក្ស ទុកសម្រាប់ក្មេងៗជំនាន់ក្រោយ និងរក្សានូវតម្លៃវប្បធម៌ខ្មែរ ឲ្យមានភាពល្បីល្បាញលើសកលលោក។ លោកជំទាវបន្ថែមទៀត ខេត្តកំពង់ធំ មានភ័ពសំណាងណាស់ដែលបានដាក់បញ្ជូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កា ឆ្នាំ២០១៧កន្លងទៅនេះ ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាយ៉ាងច្រើនកុះកុរ។

បន្ទាប់ពីលោក ឆាង កង អតីតប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានឡើងអានរបាយការណ៍សមិទ្ធិផលក្នុងអាណត្តិដឹកនាំរបស់លោករួចមក, លោក ហ៊ិន សោភ័ណ ដែលទើបទទួលការតែងតាំងថ្មី បានឡើងប្តេជ្ញាចិត្ត ដោយគោរពអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត និងដៃគូអភិរក្សវិស័យវប្បធម៌ ពង្រឹងកក្តាសាមគ្គីភាព ឯកភាពផ្ទៃ និងទទួលយកការរិះគន់ក្នុងន័យស្ថាបនា ដើម្បីឲ្យការងាររីកចម្រើន និងជោគជ័យបន្ថែមទៀត៕