អភិបាលខេត្តកំពង់ធំ ជំរុញការបង្កើតសមាគមមនុស្សចាស់ នៅតាមឃុំ-សង្កាត់ ឲ្យកាន់តែទូលំទូលាយ ដើម្បីលើកស្ទួយសុខុមាលភាពមនុស្សចាស់


 

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ០១ តុលា ត្រូវបានធ្វើឡើង ក្នុងគោលបំណងលើកកម្ពស់កិច្ចគាំពារមនុស្សចាស់ សំដៅលើការលើកស្ទួយសុខុមាលភាពមនុស្សចាស់ដល់ការឲ្យបានល្អប្រសើរ និងបង្ហាញឲ្យឃើញពីតួនាទីសំខាន់ៗរបស់មនុស្សចាស់ ក្នុងសង្គមជាតិ។

ពិធីទិវាមនុស្សចាស់កម្ពុជា និង ទិវាមនុស្សចាស់អន្តរជាតិ១ តុលា ប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ រួមទាំងប្រធានសមាគមមនុស្សចាស់ ចំនួន៣សមាគម លោកយាយ លោកតាចូលរួមប្រមាណជាង២០០នាក់ នៅព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០១៨ ស្ថិតនៅវត្តបទុមរតន៍ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ឯកឧត្តមបន្ថែមទៀតថា មនុស្សចាស់គឺជាបុព្វការីជន ដែលបានបង្កើតធនធានដ៏មានប្រយោជន៍ និងមានតួនាទីសំខាន់ណាស់ ក្នុងការកសាងគ្រួសារ សហគមន៍ ការអប់រំ ការផ្តល់នូវចំណេះដឹង ចំណេះធ្វើ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងបទពិសោធន៍យ៉ាងច្រើន សម្រាប់មនុស្សជំនាន់ក្រោយ។ ជាទូទៅមនុស្សចាស់ តែងតែយកវត្តអារាម ជាទីកន្លែងសម្រាប់ជួបជុំ និងស្នាក់អាស្រ័យ តាមលទ្ធភាពរបស់ក្រុមគ្រួសារនីមួយៗ»។

លើសពីនេះទៀត ឯកឧត្តមបន្តទៀតថា ជាការពិតហើយ ប្រទេសកម្ពុជាទទួលរងនូវការកាប់សម្លាប់ និសិត្ស បញ្ញាវន្ត ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានកំទេចចោល ស្ទើរតែក្លាយជាផេះផង់អស់ទៅហើយ ប៉ុន្តែក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសមានរយៈពេលជិត ៤០ឆ្នាំ ក៏ពិតមែន ប៉ុន្តែយើងនៅមិនទាន់ទទួលបានសុខសន្តិភាពពិតប្រាកដនោះទេ គឺយើងទើបតែមានសន្តិភាពពេញលេញ ២០ឆ្នាំទេ ដោយមិនអាចប្រៀបធៀបនឹងប្រទេសអាមេរិក ដែលមាន សន្តិភាពរាប់រយឆ្នាំនោះទេ ហើយប្រទេសកម្ពុជា កំពុងតែមានការរីកចម្រើន និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សានូវសុខសន្តិភាពនេះឲ្យបាន ដើម្បីប្រទេសជាតិរបស់យើង ធ្វើការអភិវឌ្ឍន៍បន្តទៀត។

ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្ត បានជូនរបស់កំដរដៃដល់លោកយាយ លោកតាជាង២០០នាក់ ក្នុងម្នាក់ទទួលបានក្រណាត់ ស មួយដុំ និងថវិកា១ ម៉ឺរៀលផងដែរ និងជូនប្រធានសមាគមន៍មនុស្សចាស់ ចំនួន៣សមាគមន៍ ក្នុងមួយសមាគមទទួលបាន ១លានរៀល សម្រាប់ប្រើប្រាស់ក្នុងសមាគមន៍៕