ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភ ទឹកបរិសុទ្ធចំនួន ១ម៉ឺនកេស និងបន្តដឹកទឹកស្អាត ចែកដល់ប្រជាពលរដ្ឋ ស្រុកស្ទោង រយៈពេលបីថ្ងៃ


ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ អញ្ជើញចូលរួមក្នុងពិធីចែកទឹកបរិសុទ្ធកម្ពុជា របស់លោកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ដែលបានឧបត្ថម្ភនូវទឹកបរិសុទ្ធ Cambodia ចំនួន ១ម៉ឺនកេនិងបន្តដឹកទឹកស្អាត ចែកជូនបងប្អូនប្រជាពលរដ្ឋទាំង ២៤១១គ្រួសារ ក្នុងភូមិចំនួន៤ នៅក្នុងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ចំនួនបីថ្ងៃបន្ថែមទៀត ដែលកំពុងជួបប្រទះបញ្ហាខ្វះខាតទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ។

លោកឧកញ៉ា លាង ឃុន ថ្លែងថា ការផ្តល់ជូននូវទឹកបរិសុទ្ធនេះ គឺជាកិច្ចការមនុស្សធម៌ដ៏សំខាន់មួយ ក្នុងការចូលរួមចំណែកជាមួយអជ្ញាធរខេត្ត ស្រុក ដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលកំពុងជួបបញ្ហាខ្វះខាតទឹកស្អាតប្រើប្រាស់។ លោកឧកញ៉ាបន្តទៀតថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ពិតជាមានមោទនៈភាពខ្លំាងណាស់ ពីព្រោះថ្ងៃនេះយើងមានវត្តមានដៃគូពាណិជ្ជកម្មរបស់យើង ដូចជាអ្នកចែកចាយ (ដេប៉ូ) អ្នកលក់ដុំ និងក្រុមការងារផ្នែកលក់ប្រចាំខេត្តកំពង់ធំ ចូលរួមកម្មវិធីសប្បុរសធម៌នេះ ដែលជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនរបស់កូនខ្មែរ១០០%។

ជាមួយគ្នានោះ ឯកឧត្តម សុខ លូ បានថ្លែងអំណគុណដល់លោកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងសហការី ដែលបាននាំយកទឹកបរិសុទ្ធកម្ពុជា ព្រមទាំងយកឡានដឹកទឹកស្អាតចែកជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាន រយៈពេលបីថ្ងៃថែមទៀត ដើម្បីទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងសូមឲ្យបងប្អូនទាំងអស់ ប្រើប្រាស់ទឹកដោយសន្សំសំចៃ បរិភោគទឹកស្អាត និងមានអនាម័យផងដែរ។

ឯកឧត្តមបន្ថែមទៀតថា នៅក្នុងឃុំម្សាក្រងនេះ តែងតែជួបប្រទះបញ្ហាខ្វះខាតទឹកប្រើប្រាស់ជារឿយៗ ប៉ុន្តែឆ្នាំក្រោយនេះ នឹងលែងខ្វះខាតទៀតហើយ។ ដោយមានការយកចិត្តទុកដាក់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ទំនប់ស្ទាក់ទឹក និងទ្វារទឹក ដើម្បីរក្សាទឹកទុក តាមរយៈឯកឧត្ដម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧត្តុនិយម ដែលធ្វើអោយស្ទឹងស្ទោងនឹងមានទឹកច្រើនឡើងវិញ អាចអោយបងប្អូនប្រជាពលរដ្ឋមានទឹកប្រើប្រាស់ប្រចាំថ្ងៃក៏ដូចជាក្នុងការធ្វើស្រែចំការផងដែរ។

លើសពីនេះ ឯកឧត្តម សុខ លូ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមខិតខំឆ្លើយជាមួយមន្ត្រីជំរឿន ឲ្យបានត្រឹមត្រូវ ពិតប្រាកដ ព្រោះថាជំរឿននេះ មានសារសំខាន់ណាស់ សម្រាប់ប្រទេសជាតិ គឺអាចដឹងពីចំនួនប្រជាពលរដ្ឋពិតប្រាកដ ដើម្បីផែនការក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត Barrley Black Extra Stout ស្រាបៀរKudo ភេសជ្ជៈIze ទឹកផ្លែឈើ Joop ភេសជ្ជៈប៉ូវកម្លាំងWurkz និងទឹកសុទ្ធកម្ពុជា៕