ស្នងការនគរបាលខេត្តកំពង់ធំ រៀបចំពិធីអបអរសាទរ ខួបលើកទី១០៨ ទិវានារីអន្តរជាតិ ៨ មីនា


ស្នងការនគរបាលខេត្តកំពង់ធំ រៀបចំពិធីអបអរសាទរ ខួបលើកទី១០៨ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស” ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ នារសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ មានមតិស្វាគមន៍ជូនដល់គណៈអធិបតី និងកងកម្លំាំងរួចមក លោកស្រីវរៈសេនីយ៍ឯក កង កូយ ស្នងការរងនគរបាលខេត្ត បានអានព្រះរាជសារ ខួបលើកទី១០៨ ទិវានារីអន្តរជាតិ ៨ មីនា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល។

ក្នុងពិធីនេះដែរ ឯកឧត្តម សុខ លូ បានកោតសរសើរដល់អង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់លើស្រ្តីដែលជាកម្លាំងនគរបាលជាតិ ក្នុងការលើកកម្ពស់ សមភាពយេនឌ័រ និងតម្លៃស្រ្តីខ្មែរ ឲ្យមានកិត្តិយសខ្ពង់ខ្ពស់ បង្កើនការលើកកម្ពស់សិទ្ធនារី ឲ្យស្មើមុខស្មើរមាត់ និងបុរស។ ទទ្ទឹមនឹងនោះ ឯកឧត្តម មានការជំរុញលើកទឹកចិត្តដល់ស្ត្រីជាកងកម្លាំងនគរបាលជាតិ បានចូលកាន់តួនាទីក្នុងមុខតំណែងជាថ្នាក់ដឹកនាំក្នុងអង្គភាពនីមួយៗ យ៉ាងតិចមានស្ត្រីម្នាក់ មានតួនាទីស្មើនឹងបុរស ក្នុងកិច្ចការអភិវឌ្ឍន៍សង្គម និងប្រទេសជាតិ ហើយមិនត្រូវប្រៀបធៀបសមត្ថភាពស្រ្តី ទៅនឹងបុរសនោះទេ។ មិនតែប៉ុណ្ណោះ យើងត្រូវចាត់ទុកថា ថ្ងៃ ៨មិនា ជាថ្ងៃសិទ្ធិនារី មិនមែនមានតែមួយថ្ងៃនេះទេ គឺមានរហូត ដោយស្ត្រីគ្រប់រូបទទួលបានសិទ្ធិស្មើភាពគ្នាជាមួយ និងបុរស ហើយត្រូវរួមគ្នាចៀសវាងដាច់ខាតនូវគ្រប់រូបភាពនៃការប្រើប្រាស់អំពើហិង្សាលើស្រ្តី។

ជាមួយគ្នានោះដែរ ឯកឧត្តម បានស្នើសុំដល់កងកម្លាំងទាំងអស់ ត្រូវគោរពនូវវិន័យ បទបញ្ហាផ្ទៃក្នុង ឲ្យបានម៉ឺងម៉ាត់ ជាពិសេសត្រូវមានកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ខិតខំបំពេញតួនាទី ភារកិច្ច និងគោរពតាមបទបញ្ជារបស់ថ្នាក់លើដែលប្រគល់ឲ្យ។ លើសពីនេះទៀត ឯកឧត្តមបានបញ្ជាក់ថា ខេត្តកំពង់ធំឆ្នាំនេះ ក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព យើងទទួលបាន បានលទ្ធផលល្អប្រសើរ ក្នុងការចូលរួមប្រឡងប្រណាំងទូទាំងប្រទេស ក្នុងនោះ ចំណាត់ថ្នាក់លេខ១ មានចំនួន ៦៤ឃុំ សង្កាត់ ចំណាត់ថ្នាក់លេខ២ ចំនួន ១៤ឃុំ សង្កាត់ ចំណាត់ថ្នាក់លេខ៣ ចំនួន ៣ឃុំ ៕