ព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០១៥ នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ឯកឧត្តម យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា, ឯកឧត្តម កាវ ដឹកហ្វាត សមាជិកគណបក្ស រដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម, ឯកឧត្តម ថាច់ យឺ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា , ឯកឧត្តម លី ថុច ទេសរដ្ឋមន្រ្តី និងជាទីប្រឹក្សាជាន់ខ្ពស់ ការិយាល័យតំណាង វី អ ជី ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជៀរជ័រ និងសម្ភោធរោងចក្រកៃច្នៃជ័រកៅស៊ូរបស់ក្រុមហ៊ុន តាន បៀន កំពង់ធំ ។ រួមដំណើរក្នុងពេលនោះរួមមាន ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្រ្តីរាជការជុំវិញខេត្ត និងស្រុកផងដែរ ។ ក្នុងនោះបងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី បានចូលរួមជាង ៦០០ នាក់ ។ តាមរបាយការណ៍របស់ឯកឧត្តម អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្តបានឲ្យដឹងថា នៅទូទាំងខេត្តកំពង់ធំ មានក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ចចំនួន ២៧ ក្រុមហ៊ុន ដែលមានទំហំផ្ទៃដីសរុប ១០២, ៩៦៥ ហិកតា ។ ក្រុមហ៊ុនទាំង ២៧ មានក្រុមហ៊ុនក្នុងស្រុកចំនួន ១៧ ក្រុមហ៊ុន បរទេសចំនួន ១០ ក្នុងនោះក្រុមហ៊ុនវៀតណាម ៩ មានផ្ទៃដី ៦១,៤៦១ ហិកតាដែលបាននិងកំពុងជៀរជ័រជាបន្តបន្ទាប់ ។ ជាមួយគ្នានេះដែរឯកឧត្តម យឹម ឆៃលី មានការវាយតម្លៃចំពោះកិច្ចប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្រ្តីរាជការជុំវិញខេត្តដែលបានយកចិត្តទុកដាក់លើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងលើកសរសើរខ្ពស់ចំពោះបងប្អូនជាកម្មករ កម្មការិនី ដែលទទួលបានប្រាក់កម្រៃជាមមធ្យមប្រចាំខែ១៦១ ដុល្លារសហរដ្ឋអាមេរិក ។ ឆ្លៀតឱកាសនេះដែរលោកបានផ្តាំផ្ញើដល់បងប្អូនឲ្យប្រឹងប្រែងធ្វើការ ដើម្បីអនាគតគ្រួសារ និងកូនៗបន្តទៀត ។ ចុងក្រោយឯកឧត្តមបានជូននូវអំណោយដល់បងប្អូនប្រជាពលរដ្ឋ និងបងប្អូនកម្មករទាំងអស់ ដែលម្នាក់ៗទទួលបាន សារុង ១ និងថវិកា ២០,០០០ រៀល ៕