បឹងរំពេរ “ពីបុរាណកាលហៅបឹងបំពេរ” ក្លាយជារមណីយដ្ឋានទាក់ទាញបំផុត


រមណីយដ្ឋានធម្មជាតិបឹងរំពេរ ដែលដើមឡើយដូនតាយើងបានហៅថា ពឹងបំពេរ ដោយលោកបានស្តាប់លឺតៗគ្នាថា ត្រង់បឹងនេះពីមុរាណមានក្សត្រមកស្រង់ទឹក និងបំពេរបុត្រឲ្យផ្ទុំលក់នៅទីនេះ ។ បើយើងធ្វើដំណើរពីទីរួមខេត្តកំពង់ធំតាមផ្លូវជាតិលេខ ៦ ឆ្ពោះទៅទីក្រុងភ្នំពេញប្រមាណជា ២៥ គីឡូម៉ែត្រ យើងនឹងទៅដល់ទីប្រជុំជនឃុំតាំងក្រសាំង ហើយយើងអាចធ្វើដំណើរតាមផ្លូវជាប់គល់ស្ពានតាំងក្រសាំងត្រើយខាងជើង ខាងស្តាំដៃរបស់យើងប្រមាណជា ២ គីឡូម៉ែត្រប៉ុណ្ណោះនឹងទៅដល់រមណីយដ្ឋានបឹងរំពេរ ។ មួយវិញទៀតយើងអាចធ្វើដំណើរតាមទូក ឬ កាណូតក៏បាន ដោយចេញដំណើរពីគល់ស្ពានតាំងក្រសាំងដូចគ្នា តាមបណ្តោយស្ទឹងតាំងក្រសាំង ។ តាមប្រសាសន៍លោក ជា នាម ប្រធានសហមគមន៍បឹងរំពេរបានឲ្យដឹងថា បឹងនេះមានទំហំ ១២០ ហិកតា ដែលមានព្រំប្រទល់ខាងកើតជាប់ភូមិចំបក់ ខាងជើងជាប់ភូមិទួលវិហារ ខាងលិចជាប់នឹងវាលស្រែ ខាងត្បូងជាប់នឹងស្ទឹងតាំងក្រសាំង ។ រអាងបឹងរំពេរមានជម្រៅដល់ទៅ ៤.៥ ម៉ែត្រក្នុងរដូវវស្សា និង ១.៥ ម៉ែត្រក្នុងរដូប្រាំង មានផ្ទៃទឹកលាតសន្ធឹងដាច់កន្ទុយភ្នែក ។ នៅចំកណ្តាលបឹងមានកោះមួយឈ្មោះថា កោះទង់ មានដើមឈើដុះ និងមានដីវាលស្រឡះស្អាតដុំៗ ក្នុងរដូវប្រាំងមានឆ្នេរខ្សាច់ពណ៌សក្បុសថែមទៀតផង ។ សហគមន៍បឹងរំពេរ បានគ្រប់គ្រងបឹងនេះរយៈពេល ១០ ឆ្នាំមកហើយក្នុងការថែរក្សាផលត្រីក្នុងរអាងបឹងដើម្បីឲ្យបងប្អូនមកពី ២ ឃុំ គឺឃុំជ្រាប់ និង ឃុំតាំងក្រសាំង ប្រកបរបរនេសាទតាមបែបគ្រួសារ ។ បច្ចុប្បន្នបឹងរំពេរបានក្លាយជារមនីយដ្ឋានធម្មជាតិមួយគួរឲ្យទាក់ទាញអារម្មណ៍អ្នកទស្សនាមកពីគ្រប់មជ្ឈដ្ឋាន ។ លោក ជា នាម បានបន្តទៀតថា សហគមន៍បានរៀបចំនូវសេវាលក់ដូរដើម្បីបម្រើដល់ភ្ញៀវទេសចរអស់រយៈពេល ២ ខែមកហើយ ។ ភ្ញៀវដែលបានអញ្ជើញមកភាគច្រើនជាអ្នកដែលរស់នៅក្បែរៗ ព្រោះពុំទាន់មានការផ្សព្វផ្សាយឲ្យបានទូលំទូលាយនៅឡើយ ម្យ៉ាងទៀតសហគមន៍ពុំទាន់បានរៀបចំរួចរាល់នៅឡើយ ។ ភ្ញៀវដែលបានមកទស្សនាបច្ចុប្បន្នជាមធ្យម ពី ៤០ ទៅ ៥០ នាក់ក្នុង ១ ថ្ងៃ ។ បើតាមប្រសាសន៍ប្រធានសហគមន៍ លោកមានគម្រោងនឹងបង្កើតឲ្យទៅជាអេកូទេសចរណ៍នៅពេលខាងមុខ ៕

(អត្ថបទ និងរូបភាព: ឃាត់ វុទ្ធី)

IMG_2903IMG_2962 IMG_2926  IMG_3080 IMG_3083 IMG_3099 IMG_3106