ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ដៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីអបអរសាទរពិធីទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២១ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ធំ។
លោក ហ៊ិន សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ បានលើកឡើងអំពីសកម្មភាពដែលបានអនុវត្តកន្លងមក ក្នុងនោះយើងបាននាំគ្នាថែរក្សាអភិរក្ស ការពារ ជំរុញនិងលើកស្ទួយមរតកវប្បធម៌ទាំងរូបី និងអរូបី ឲ្យមាននិរន្តរភាពព្រោះមរតកទាំងនេះគឺជាអត្តសញ្ញាណរបស់ជាតិ។
ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ទិវាវប្បធម៌ជាតិ ៣ មីនា ជាព្រឹត្តិការណ៍ដ៏សំខាន់មួយរបស់ប្រទេសជាតិ ដើម្បីរក្សាកេរតំណែលវប្បធម៌ សីលធម៌ដ៏ល្អថៃ្លថារបស់ជាតិ ទប់ស្កាត់ការហូរចូលនៃវប្បធម៌អវិជ្ជាមានពីបរទេស លុបបំបាត់រាល់សកម្មភាពមិនល្អក្នុងសង្គមជាតិ ដែលធ្វើឲ្យប៉ះពាល់ដល់
វប្បធម៌ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិ។ ឯកឧត្តម បន្ថែមទៀតថា សង្គមជាតិនីមួយៗ តែងតែខិតខំប្រឹងប្រែងថែរក្សាការពារអភិវឌ្ឍន៍វប្បធម៌ និងអារ្យធម៌របស់ជាតិខ្លួនឲ្យមានស្ថេរភាព។
ជាមួយគ្នានោះដែរ ឯកឧត្តម ជុច ភឿន ថ្លែងថា ទិវាវប្បធម៌ជាតិ ៣មីនា នេះ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”
ក្នុងគោលបំណងឲ្យប្រជាជន មហាជន ជាពិសេសយុវជន ដែលជាទំពាំងស្នងឬស្សី ត្រូវខិតខំប្រឹងប្រែងថែរក្សាសម្បត្តិវប្បធម៌ជាតិ ទាំងរូបបីដ៏សម្បូរណ៍បែប ប្រកបដោយសក្តានុពលភាពក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គម និងភាពសុខសាន្តរបស់ប្រជាជន និងប្រជាជាតិយើង។
ជាពិសេស ធ្វើឲ្យយុវជនយើងជំនាន់ក្រោយ ចេះស្រឡាញ់ កាន់តែខ្លាំងឡើង និងមានស្មារតីចូលរួមកាន់តែសកម្មថែមទៀត ក្នុងការការពារវប្បធម៌ជាតិ ទាំងរូបី និងអរូបី។ ការចេះប្រើប្រាស់សក្តានុពលវប្បធម៌ ជាមូលដ្ឋានគ្រឹះចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម តាមរយៈការ បង្កើតស្នាដៃ និងផលិតផលវប្បធម៌។