ចូរលើកកម្ពស់សមភាពយ៉េនឌ័រ សិទ្ធិសិរីភាព និងតួនាទីស្ត្រីនៅក្នុងសង្គម


ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងថា ការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា នៅពេលនេះ ក្នុងគោលបំណង ដើម្បីរំលឹកដល់សេចក្តីក្លាហាន និងការខិតខំតស៊ូរបស់វីរៈជនជាស្ត្រីទូទាំងសកលលោក ទាមទារសិទ្ធិ សិរីភាព និងតួនាទី ស្មើគ្នា រវាងបុរស និងស្ត្រីនៅក្នុងសង្គម។

ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ នៅក្នុងពិធី អបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ ” មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ “ បន្ទាប់ពីលោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានអានព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជូនដល់អង្គពិធី។

ជាមួយគ្នានោះ ឯកឧត្តមបន្ថែមទៀតថា ទិវានេះបានផ្តល់ឱកាសឲ្យយើងទាំងអស់គ្នា អាចឆ្លុះបញ្ចាំង និងអបអរសាទរ ចំពោះសមិទ្ធផលទាំងឡាយដែលសម្រេចបានក្នុងការលើកកម្ពស់ការចូលរួមរបស់ស្ត្រីនៅគ្រប់ទិដ្ឋភាពទាំងអស់នៃសង្គម រួមមាន សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងនយោបាយ។ ជាងនេះទៅទៀត ឯកឧត្តម មានប្រសាសន៍បញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំ ខ្ញុំសូមគាំទ្រលើប្រធានបទ “ មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” ដែលបានរំលេចពីតម្លៃសុខសន្តិភាព និងអរគុណសន្តិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងថែរក្សាសន្តិភាពឲ្យនៅគង់វង្សយូរអង្វែងឆ្ពោះទៅមុខទៀត។ លើសពីនេះទៀត ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជា បានពង្រឹងកិច្ចសហប្រតិបត្តិការថែរក្សាសុខសន្តិភាព និងស្ថិរភាពនៅលើពិភពលោក និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជិតខាងជាប់ព្រំដែន កសាងតំបន់ព្រំដែន ជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។

ទន្ទឹមនឹងនោះ ឯកឧត្តម សុខ លូ បានសំណូមពរដល់បុរសទាំងអស់ សូមចូលរួមផ្តល់តម្លៃស្ត្រី នូវសិទ្ធិ សិរីភាព ស្មើនឹងបុរស មិនមែនមានតែមួយថ្ងៃនេះទេ គឺមានមួយជីវិត។ ក្នុងនោះឯកឧត្តម បានអំពាវនាវដល់ក្មួយជាយុវតីទាំងអស់ សូមរក្សានូវខ្លួនជាស្ត្រី មិនត្រូវប្រព្រឹត្តិនៅអ្វីមិនគប្បីនោះឡើយ និងចូលរួមចំណែកគាំទ្រកិច្ចការមនុស្សធម៌ ការលើកកម្ពស់សមត្ថភាព ជីវភាពសិទ្ធិ ឋានៈ តួនាទី សុខុមាលភាពស្ត្រី និងការទប់ស្កាត់អំពើហឹង្សា និងដោះស្រាយជម្លោះនានាដោយសន្តិវិធី។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានជូននូវការដូរ និងបាច់ផ្កាទុកជាវត្ថុអនុស្សាវរីយ៍ ជូនដល់លោកជទាវ និងថ្នាក់ដឹកនាំជាស្ត្រី ដែលបានចូលរួមនៅក្នុងកម្មវិធីនេះផងដែរ៕