ថ្ងៃអាទិត្យ ៨កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ នៅភូមិគ្រឹះ ភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះ មូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពកិច្ចប្រជុំជាមួយគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សខេត្ត និងអស់លោកជាប្រធានគណបក្សស្រុក-ក្រុង ទាំងអស់ក្នុងខេត្តកំពង់ធំ ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍បើកកិច្ចប្រជុំ និងផ្តល់អនុសាសន៍ដឹក នាំដោយផ្អែកលើ ៖
– ខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤២ អាណត្តិទី V នាពេលកន្លងមក ថ្មីៗនេះ ។
– អនុសាសន៍ដឹកនាំ និងសារសំខាន់ៗជាបន្តបន្ទាប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងនោះ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការរំលាយគណបក្សសង្គ្រោះជាតិ មិនមែនមានន័យថាយើងបញ្ចប់ការតស៊ូនោះទេ ផ្ទុយទៅវិញគឺយើងត្រូវតែសកម្មទ្វេឡើង ដោយកំណត់ថាកត្តាផ្ទៃក្នុងរបស់យើង គឺជាកត្តាកំណត់នៃជោគជ័យរបស់គណបក្ស ដូច្នេះក្រុម ការងារត្រូវសកម្មចុះមូលដ្ឋាន ដើម្បីធ្វើការពង្រឹងពង្រីកបក្ស ដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ប្រជាជន ហើយជៀសវាងឱ្យបាននូវអំពើអសកម្មនានាដែលនាំឱ្យមានការថ្នាំងថ្នាក់ពីប្រជាជន ។
ចុងក្រោយ ឯកឧត្តមបណ្ឌិត បានណែនាំឱ្យគណបក្សគ្រប់ជាន់ថ្នាក់វពិនិត្យវ បំពេញរចនាសម្ព័ន្ធដែលថ្នាក់លើដាក់សន្ទស្សន៍ឲ្យគណបក្សគ្រប់ជាន់ថ្នាក់ និងរបៀបរបបធ្វើការងាររបស់គណបក្សថ្នាក់នីមួយៗ ហើយបំពាក់បំប៉នអំពីតួនាទីភារៈកិច្ចរបស់ក្រុមការងារឱ្យបានច្បាស់លាស់ ដោយធ្វើការងារត្រូវឯកភាពគ្នាអំពីទស្សនៈ និងសកម្មភាព ។ ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាសន៍កោតសរសើរគណបក្សគ្រប់ជាន់ថ្នាក់របស់ ខេត្តកំពង់ធំ ដែលបានខិតខំបំពេញការងារ និងទទួលបានលទ្ធផលល្អក្នុងពេលកន្លងមក ៕