ឯកឧត្តម បណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២០ នេះ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មីចំនួន ២ខ្នង និងសមទ្ធិផលនានាក្នុងវិទ្យាល័យ ហ៊ុន សែន ក្រវ៉ា នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ឯកឧត្តម ញឹក បានខេង អភិបាលស្តីទី ខេត្តកំពង់ធំ បានអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សាងសង់ដោយបានបញ្ជាក់ថា វត្តមានដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល នាពេលនេះបានសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថែមទៀត ពីការយកចិត្តទុកដាក់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង ឯកឧត្តមបណ្ឌិត ចំពោះសំណូមពរ របស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋក្នុងឃុំក្រវ៉ា បាក់ស្នា គគីរធំ និងឃុំចើងដើង ស្រុកបារាយណ៍ និងជារួមសម្រាប់ខេត្តកំពង់ធំយើងទាំងមូល ។
សុន្ទរកថាបានបញ្ជាក់ទៀតថា ដោយមានការផ្តួចផ្តើមគំនិតពី ឯកឧត្តម បណ្ឌិត ងួន ញ៉ិល វិទ្យាល័យ ហ៊ុន សែន ក្រវ៉ា បានកសាងឡើងនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ១៩៩៥ មានអគារចំនួន ២ខ្នង ១០បន្ទប់ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយបានអនុញាតឲ្យបើកជា អនុវិទ្យាល័យ ហ៊ុន សែន ក្រវ៉ា ជាផ្លូវការនៅឆ្នាំ១៩៩៦ ។ ក្រោយមក ឯកឧត្តម បណ្ឌិត ងួន ញ៉ិល បានផ្តល់អគារសិក្សាមួយខ្នង ក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អគារសិក្សា ១ខ្នង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់អគារទីចាត់ការ ១ខ្នង អគារកាត់ដេរ ១ខ្នង បច្ចុប្បន្នអគារកាត់ដេរនោះបានប្រែក្លាយជាអគារសិក្សាវិញ ។ ប៉ុន្តែទោះបីអគារសិក្សាទាំងអស់មានរហូត ៤ខ្នង ស្មើ ២០បន្ទប់ក៏ដោយ ក៏នៅតែមានការខ្វះបន្ទប់សំរាប់សិស្សានុសិស្ស សិក្សាដដែល ។ ដោយពិនិត្យឃើញផ្ទាល់អំពីស្ថានភាពលំបាកខាងលើ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានសម្រេចផ្តល់អគារ ២ខ្នង ១២បន្ទប់ បន្ទប់អនាម័យ ២កន្លែង ជួសជុលអគារចាស់ទាំង៤ខ្នង អគារទីចាត់ការមួយខ្នង របង ខ្លោងទ្វារ និងកែលំអទីធ្លាសាលាឡើងវិញ ដោយបានចំណាយថវិកាសរុបចំនួន ២៣២,៦៦៨ ដុល្លារអាមេរិក ដែលយើងកំពុងធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការប្រកបដោយភាពអធឹកអធមនៅពេលនេះ ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍សំណេះសំណាលចំពោះអង្គពិធីទាំងមូលដោយបញ្ជាក់ពីការប្រកបដោយកិត្តិយសក្រៃលែង ដែល ឯកឧត្តមបណ្ឌិត បានមកចូលរួម និងធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់តំណាងឲ្យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងពិធីសម្ពោធអគារសិក្សាថ្មីចំនួន ២ខ្នង នៅវិទ្យាល័យ ហ៊ុន សែន ក្រវ៉ា នាពេលនេះ ។ ដោយ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកមានកិច្ចការមមាញឹកច្រើន មិនបានអញ្ជើញមកផ្ទាល់ តែតាមរយៈ ឯកឧត្តមបណ្ឌិត សម្តេចក៏បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មន្ត្រីរាជការ និងចថ្នាក់ដឹកនាំទាំងអស់ ទូទាំងខេត្តកំពង់ធំរបស់យើង ។
ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បញ្ជាក់ទៀតថា តាងនាមប្រជាពលរដ្ឋទូទាំងប្រទេស និយាយជារួម ហើយនិយាយដោយឡែក ប្រជាពលរដ្ឋនៅខេត្តកំពង់ធំ និងរូបឯកឧត្តមបណ្ឌិត ផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែលើកកំពស់ និងយកចិត្តទុកដាក់បំផុតក្នុងវិស័យអប់រំ ពិសេសគឺការសាងសង់អគារសិក្សាថ្មីជាច្រើននៅទូទាំងប្រទេស ក្នុងនោះក៏មានវិទ្យាល័យ ហ៊ុន សែន ក្រវ៉ា យើងដែរ ។ ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ សប្បុរសជន លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស និងអាជ្ញាធរមូលដ្នានគ្រប់លំដាប់ថ្នាក់ ដែលបានឧបត្ថម្ភ និងសហការគ្នាបានយ៉ាងល្អ ក្នុងការធ្វើឲ្យសមិទ្ធផលនៅក្នុងវិទ្យាល័យ នេះលេចជារូបរាងឡើងជាទីមោទនៈ ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល មានប្រសាសន៍បញ្ជាក់ទៀតថា លទ្ធភាពទាំងនេះអាចប្រព្រឹត្តទៅបានក៏អាស្រ័យដោយប្រទេសជាតិមានស្ថេរភាព និងសុខសន្តិភាព ដូច្នេះយើងទាំងអស់គ្នាត្រូវចងចាំថា មានសន្តិភាព ទើបមានការអភិវឌ្ឍន៍ មានសន្តិភាពទើបមានសិទ្ធិមនុស្ស មានសន្តិភាពទើបមានលទ្ធិប្រជាធិតេយ្យ ដូច្នេះយើងត្រូវរួមគ្នារក្សាសន្តិភាពឲ្យបានទោះក្នុងកាលៈទេសៈណាក៏ដោយ « អរគុណសន្តិភាព » ។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិត
មានប្រសាសន៍ឆ្លើយតបចំពោះការសម្រេចព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីគណៈកម្មការអឺរ៉ុបដោយអយុត្តិធម៌ និងប្រទេសជាច្រើនកំពុងយកចិត្តទុកដាក់ដោះស្រាយចំពោះបញ្ហាប្រឈមនៃការកើតឡើងនូវវីរុសកូរ៉ូណា ឬ COVID-19 ដែលបណ្តាលឲ្យមានការរលាកផ្លូវដង្ហើមធ្ងន់ធ្ងរនោះ ។
អង្គពិធីបានបញ្ចប់ បន្ទាប់ពី ពិធីបំពាក់គ្រឿងឥស្សរិយយស ចែកជូនថវិកា សំភារៈ និងកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា និងសមិទ្ធផលនានារួចមក ។