ចាប់តាំងពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីកម្ពុជាមានឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ កម្ពុជាបានប្រែក្លាយ ពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិ នៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងគំនរផះផង់ ទៅជាទឹកដីសន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិឌ្ឍន៍លើគ្រប់វិស័យ ។
គណបក្សប្រជាជនកម្ពុជា បានអនុវត្តដោយជោគជ័យនូវដំណើរការសន្ដិភាវូបនីយកម្មប្រទេសជាតិ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ ដែលបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមដ៏រ៉ាំរ៉ៃបង្កើតបានសន្ដិភាពពេញលេញ នៅទូទាំងប្រទេសជាលើកដំបូងចាប់ពីចុងឆ្នាំ១៩៩៨ មក។ គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឲ្យមានកំណើនខ្ពស់ប្រកបដោយចីរភាព ផ្សាភ្ជាប់នឹងការបែងចែកធនធានប្រកបដោយសមធម៌ និងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព៕