កំណាព្យបទកាកគតិ “ក្រុងស្ទឹងសែន ខេត្តកំពង់ធំ”


ក្រុងស្ទឹងសែនមាន ៨ សង្កាត់
-ស្រណោះស្ទឹងសែន ស្ទឹងហូរបត់បែន រាប់សែនកេលកុង
ឥឡូវស្ទឹងសែន ក្លាយឈ្មោះជាក្រុង ត្រៀមខ្លួនបម្រុង
ទទួលទេសចរ ។
-ក្រុងស្ទឹងសែនថ្មី ប្រែក្លាយទឹកដី ល្អស្រស់បវរ
អភិវឌ្ឍរាល់ថ្ងៃ ផ្ទះក្បឿងផ្ទះថ្ម ផ្ទះសំណាក់ល្អ
ផ្លូវថ្នល់ខ្វាត់ខ្វែង ។
-សង្កាត់ប្រាំបី ប្រជាប្រុសស្រី ទៅមកស្វះស្វែង
ប្រកបរបរ គ្រប់ទីកន្លែង ស្លៀកពាក់តាក់តែង
សមអ្នកទីក្រុង ។
-ដំរីជាន់ខ្លា ក្រឡាប់ផ្កាប់ផ្ងារ ក្បាច់ស្នៀតឆ្លៀតប្រុង
ជាអត្តសញ្ញាណ របស់ទីក្រុង មើលគួរស្លុតស្លុង
ជក់ជាប់ក្នុងចិត្ត ។
-កំពង់ធំចាត់ ជាឈ្មោះសង្កាត់ ក្នុងក្រុងប្រណីត
អែបអង្គចាំជួយ ក្រុងជាប់ជិតស្និទ្ធ ប្រុងប្រាណប្រៀបប្រិត
ដ្បិតនៅក្នុងក្រុង ។
-កំពង់រទេះ ក៏មិនគេចវេះ ត្រៀមចាំបម្រុង
ជួយគ្រប់កិច្ចការ មិនឲ្យភាន់ផុង រាល់កិច្ចការក្រុង
ចាំជួយជានិច្ច ។
-អូរគន្ធរត្រៀម មិនដែលនៅស្ងៀម យប់ថ្ងៃមិនភ្លេច
ផ្លូវគោកផ្លូវទឹក នឹកចាំជានិច្ច មិនដែលបែរគេច
ចោលក្រុងម្តងឡើយ ។
-កំពង់ក្របៅ ស្រែកផ្តាំកូនចៅ មិនត្រូវកន្តើយ
ក្រុងដាក់ផែនការ ត្រូវធ្វើឲ្យហើយ ឲ្យផុតដល់ត្រើយ
មិនឲ្យខូចឈ្មោះ ។
-ព្រៃតាហ៊ូហ៊ាន ទោះបីអត់ឈ្លាន មិនឲ្យអាប់យស
ហ៊ានថាហ៊ានធ្វើ ហ៊ានឡើងទាបខ្ពស់ ហ៊ានជួយរំលស់
ខ្ពស់ក្រុងគ្រប់គ្រា ។
-អាចារ្យលាក់លាំង ហ៊ានយកខ្លួនពាំង មិនខ្លាចវេទនា
មានខ្មាំងសត្រូវ ហ៊ានចេញការពារ ទោះបីឈឺជា
ជួយក្រុងឲ្យបាន ។
-សង្កាត់ស្រយូវ នៅអមតាមផ្លូវ ត្រៀមខ្លួនត្រៀមប្រាណ
ស៊ើបការណ៍សម្ងាត់ ស្កាត់គ្រប់ទីឋាន ជួយក្រុងឲ្យបាន
ក្សេមក្សាន្តសុវត្ថិភាព ៕
(និពន្ធដោយឯកឧត្តម មុំ សុទ្ធ ទីប្រឹក្សាគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ)

11403401_933505763357423_6182366828835762754_n 11659233_933505103357489_8440763434728770670_n 11665539_933504683357531_2323229317204573733_n 11707546_933505463357453_7912170414913349819_n 11709820_933504206690912_2627281906832439309_n 11921718_892212527515056_7349511377771928909_n