កំណាព្យបទពាក្យ៧: ឈ្មោះក្រុង និងស្រុកទាំង ៨ ក្នុងខេត្តកំពង់ធំ
១-ឱកំពង់ធំជំរំចិត្ត ធ្លាប់រស់ស្នេហ៍ស្និទ្ធប្តូរជីវី
ទឹកដីឃុំស្រុកធ្លាប់រកស៊ី គិតតាមផែនទីកណ្តាលគេ ។
២-មានភ្នំសន្ទុកដងស្ទឹងសែន ហូរកាត់បត់បែនដល់ទន្លេ-
សាបធំល្វឹងល្វើយពីបុព្វេ ត្រីច្រើនម្លេះទេមិនដែលខ្វះ ។
៣-មានប្រាសាទសំបូរព្រៃគុក វប្បធម៌តទុកដំណែលចាស់
មានប្រាង្គតូចធំផ្តុំច្រើនណាស់ មាននៅល្អខ្លះខ្លះបាក់បែក ។
៤-មានក្រុង និងស្រុករួមប្រាំបី ឈ្មោះប្លែកទីទៃន័យដោយឡែក
ខ្ញុំធ្លាប់រស់នៅឃើញផ្ទាល់ភ្នែក បែងចែកមានភ្នំស្ទឹងទន្លេ ។
៥-ដល់ស្រុកបារាយណ៍រសាយចិត្ត បានជួបជុំមិត្តពីបុព្វេ
ចូលស្រុកសន្ទុកមិនវៀចវេរ ឃើញភ្នំរិះរេបន់សុំសុខ ។
៦-ឈានចូលដល់ខេត្តក្រុងស្ទឹងសែន ទឹកហូរបត់បែនកាត់ច្រើនស្រុក
ដំរីជាន់ខ្លាបង្ហាញមុខ ចូលសួរសុខទុក្ខមិត្តភក្តិចាស់ ។
៧-គយគន់តោថ្មឈរយាមស្ពាន ស្ពានអើយៗស្អានខ្ញុំនឹកណាស់
ប៉ុន្តែភារកិច្ចត្រូវប្តូរផ្លាស់ លាឆ្លងស្ពានចាស់មួយគ្រាសិន ។
៨-ដល់កំពង់ស្វាយសប្បាយណាស់ នឹកឃើញរឿងចាស់ដូចសុបិន
ប្រាសាទសំបូរជាកសិណ សណ្តាន់មាសឆ្អិនដាច់អាល័យ ។
៩-ប្រាសាទបល្ល័ង្កតាំងចិត្តស្មោះ ឆ្លងស្ទឹងព្រៃប្រស់អស់និស្ស័យ
ចូលដល់ស្រុកស្ទោងសែនអាល័យ អស់ជើងអស់ដៃជួបជុំគ្នា ។
១០-ក្រុងស្រុកប្រាំបីលៃគ្រប់ហើយ ទុក្ខខ្ញុំបានស្បើយឆ្លើយសូមលា
សូមជូនពរជ័យគ្រប់អង្គា ឃ្លាតឃ្លាមួយគ្រាកំពង់ធំ ។
(និពន្ធដោយឯកឧត្តម មុំ សុទ្ធ ទីប្រឹក្សាគណៈកម្មាធិការបុណ្យជាតិ-អន្តរជាតិ)
ក្រុង និងស្រុកទាំង ៨ ក្នុងខេត្តកំពង់ធំ
