ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ ជំរុញឲ្យប្រធានគណបក្សស្រុកថ្មី ខិតខំកសាងសមាជិកបក្សបន្ថែមទៀត ដើម្បីឲ្យការបោះឆ្នោតនៅថ្ងៃខាងមុខនេះ ឈ្នះគ្រប់ឃុំសង្កាត់ ឈ្នះភ្លូកទឹកភ្លូកដី


ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ ថ្លែងថា លោកប្រធានគណបក្សស្រុកថ្មីដែលទើបនឹងទទួលបានការតែងតាំងនៅពេលនេះ សូមខិតខំកសាងសមាជិកបក្សបន្ថែមទៀត ជាពិសេសក្រុមយុវជន ដោយសមាជិកម្នាក់ ក្លាយជាសន្លឹកឆ្នោតពិតប្រាកដមួយសន្លឹក ដើម្បីឲ្យការបោះឆ្នោតនៅថ្ងៃខាងមុខនេះ ឈ្នះគ្រប់ឃុំសង្កាត់ ឈ្នះភ្លូកទឹកភ្លូកដី។

ប្រសាសន៍នេះត្រូវបានឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ លើកឡើងកាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២១ ក្នុងពិធីប្រកាសសម្រួលភារកិច្ច ផ្ទេរភារកិច្ច និងតែងតាំង មុខតំណែងសមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងប្រធានគណៈកម្មាធិការគណបក្សស្រុកសន្ទុក និងស្រុកស្ទោង ក្នុងនោះរួមមាន :
– លោក ទូច សុខា ត្រូវបានតែងតាំងជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ
– លោក ឡង គីសឹង ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកសន្ទក
– លោក សាយ គីមឡម ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡជាបន្តទៀត ព្រមទាំងជម្រុញដល់លោកប្រធានគណបក្សស្រុកថ្មីនៅពេលនេះ សូមពង្រឹងកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ហើយយើងបានដឹងហើយថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃខាងមុខនេះនឹងជិតឈានមកដល់ហើយ ដែលតម្រូវឲ្យគណបក្សស្រុក ត្រូវតែខិតខំដុតដៃដុតជើង ជាពិសេសលោកប្រធានគណបក្សស្រុកថ្មីដែលទើបទទួលបានការតែងតាំងថ្មីនៅពេលនេះ សូមតាមដានអោយទាន់សភាពការណ៍ ហើយក្ដាប់ឲ្យជាប់នូវគុណភាពសមាជិកបក្សរបស់យើង ព្រមទាំងថ្លែងអំណរគុណដល់មន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់នៅទីនេះតាំងពីថ្នាក់ភូមិ ឃុំសង្កាត់ ក្រុងស្រុក និងក្រុមការងារទាំងអស់ ដែលតែងតែចុះជួយបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនជាប់ជានិច្ច និងសូមបន្តខិតខំធ្វើកិច្ចការងារនេះបន្ថែមទៀត ។