ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំ ពេលព្រឹកជាមួយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទបល្ល័ង្គ និងពេលរសៀលជាមួយគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាក្រុងស្ទឹងសែន ។


ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍ស្វាគមន៍បើកកិច្ចប្រជុំ និងបញ្ជាក់ជូនថាការជួបប្រជុំធ្វើការងាររបស់យើងនៅពេលនេះគឺដើម្បីត្រៀមលក្ខណៈសម្បត្តិឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ។ បន្ទាប់មក ឯកឧត្ដមបណ្ឌិត បានអនុញ្ញាតឲ្យ ឯកឧត្តម លុក សម្បត្តិ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ធំ ធ្វើបទបង្ហាញអំពីសន្ទស្សន៍នៃការកសាង និងពង្រឹងសមាជិកគណបក្សគ្រប់ឃុំ និងពិនិត្យតាំងពីភូមិមកតែម្តង ។

បន្ទាប់មក ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍ អរគុណ និងកោតសរសើរចំពោះគណបក្សស្រុក-ក្រុង គណបក្សគ្រប់ឃុំ-សង្កាត់ និងក្រុមការងារគណបក្សចុះជួយស្រុក-ក្រុង ដែលបានខិតខំអនុវត្តការងារទទួលបានលទ្ធផលក្នុងពេលកន្លងមក តែក៏ត្រូវខិតខំថែមទៀតផងដែរអំពីការងារពង្រឹងមូលដ្ឋាន កសាងសមាជិកគណបក្សចំពោះភូមិមួយចំនួនតូច ដែលនៅមិនទាន់គ្រប់ផែនការ និងពិសេសត្រូវខិតខំការកសាងសមាជិកគណបក្សក្នុងយុវជន។ បានមានប្រសាសន៍អំពីការវិវត្តសភាពការណ៍ថ្មីៗទាក់ទង ការងារនយោបាយ សេដ្ឋកិច្ច សន្តិសុខសង្គម ក្នុងប្រទេស ក្នុងតំបន់ និងសកលលោក ។

ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាសន៍ផ្តល់អនុសាសន៍ដឹកនាំ សម្រាប់គណបក្សគ្រប់ថ្នាក់ និងក្រុមការងារគណបក្សទាំងអស់សម្រាប់អនុវត្តបន្តដើម្បីសម្រេចឲ្យបានទៅតាមការ ប្តេជ្ញាចិត្តជាយុទ្ធសាស្រ្តរបស់គណបក្សគឺរក្សា និងបង្កើនប្រៀបឈ្នះ និងឈានទៅទទួលបានជ័យជំនះធំធេងក្នុងការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ ដែលជាស្ពានចម្លងទៅទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នីតិកាលទី៧ និងការបោះឆ្នោតជាបន្តបន្ទាប់ទៀត ៕