សន្និបាតគណបក្សប្រជាជនកម្ពុជា បានសម្រេចបន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងបានសម្រេចជាឯកច្ឆ័ន្ទ ជ្រើសតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត


គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំប្រទេសកម្ពុជា មានភាពចាស់ទុំ និងរឹងមាំជាងគេនៅកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ បានបើកសន្និបាតគណៈកម្មាធិការកណ្តាល ដើម្បីបោះឆ្នោតជ្រើសតាំងបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនរបស់ខ្លួន។

បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ដែលជ្រើសតាំងស្វែងរកការគាំទ្រពីសមាជិកគណៈកម្មាធិការកណ្តាលបក្សនាព្រឹកថ្ងៃនេះ គឺមានតែលោក ហ៊ុន ម៉ាណែត តែម្នាក់គត់ប៉ុណ្ណោះ។ សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល៧៧៥នាក់ លើបរិមាណរួម៨៦៥រូប បានបោះឆ្នោតជាឯកឆន្ទគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជាបន្តវេន បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន។

លោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ លោក ម៉ាណែត បានចាប់កំណើតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលជារបបវាលពិឃាតដ៏ឃោរឃៅគ្រប់គ្រងដោយ ប៉ុល ពត និងបក្ខពួក។ ពេលលោកចាប់កំណើតក្នុងផ្ទៃបានប្រមាណ ៥ខែ ឪពុករបស់លោក គឺសម្តេចតេជោ ហ៊ុន សែន ក៏បានភាសខ្លួនយកជីវិតផ្សងនឹងគ្រោះថ្នាក់ទៅកាន់ប្រទេសវៀតណាម ស្វែងរកការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។