ប្រធានកិត្តិយសគណបក្សចុះមូលដ្ឋាន ពង្រឹងដល់មន្ត្រីគណបក្សមូលដ្ឋានឱ្យខិតខំកសាងសមាជិកបន្ថែម ដើម្បីអនុវត្តកម្មវិធីគោលនយោបាយរបស់បក្សប្រជាជនកម្ពុជា


(កំពង់ធំ)÷ ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ឈុន ឈន់ ជាប្រធានកិត្តិយសគណបក្សចុះមូលដ្ឋានឃុំឈូក ឯកឧត្តមបណ្ឌិត ប៉ែន សូត្រ សមាជិកក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ធំ ជាប្រធានកិត្តិយសគណបក្សចុះមូលដ្ឋានឃុំឈូក ឯកឧត្តម លោកជំទាវ អភិបាលស្រុក លោក លោកស្រីដែលជាសមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំ អញ្ជើញជាអធិបតីក្នុងពិធីសន្និបាតគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំឈូក ស្ថិតនៅភូមិត្រពាំងសាលា ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឈុន ឈន់ ប្រធានកិត្តិយសគណបក្សចុះមូលដ្ឋានឃុំឈូកបានមានប្រសាសន៍ថា សន្និបាតបានធ្វើការងារវាយតម្លៃយ៉ាងល្អិតល្អន់ អំពីលទ្ធផលការងារ ដែលបានអនុវត្តរយះពេល ៥ឆ្នាំ កន្លងមកនេះ ទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារសេដ្ឋកិច្ច សង្គមកិច្ច ហើយបានធ្វើការកត់សម្គាល់ប្រកបដោយមោទនៈភាព ចំពោះលទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំមកនេះ។ ចំណុចលេចធ្លោ គឺធានាសន្តិសុខ សុវត្ថិភាព ដោយអនុវត្តបានល្អ នូវគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព រក្សាបាននូវស្ថេរភាព ជីវភាពរស់នៅរបស់ប្រជាជនក្នុងដំណាក់កាលដែលជំងឺកូវី៨-១៩ កំពុងរាតត្បាត និងការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ។ ប្រការនេះបានជះឥទ្ធិពលល្អដល់ប្រជាប្រិយភាពរបស់គណបក្ស ហើយបានពង្រឹង សុទិដ្ឋិនិយម របស់យើង ចំពោះការអភិវឌ្ឍក្នុងឆ្នាំ២០២២ និងបណ្តាឆ្នាំខាងមុខនេះ។

ប្រសាសាន៍សំណេះសំណាលរបស់ឯកឧត្តម ឈុន ឈន់ សន្និបាតក៏បានបង្ហាញមុខបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ យើងទាំងអស់គ្នាបានខិតខំជ្រុំជ្រែង ដល់បេក្ខជនទាំងអស់ ឱ្យធ្វើព្រមៗ គ្នា…ទាក់ទាញទឹកចិត្តអ្នកបោះឆ្នោត ឈានឆ្ពោះទៅដណ្ដើមជ័យជម្នះ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ នាពេលខាងមុខនេះ។ ការងារកសាងពង្រឹងគណបក្ស ជាការងារមានអត្ថន័យកំណត់ សម្រាប់ជោគជ័យរបស់គណបក្ស យើងត្រូវខិតខំកសាងសមាជិកបក្ស ឱ្យបានគ្រប់ចំនួន តាមសន្ទស្សន៍កំណត់ ៦៨% ឡើងទៅ នៃប្រជាជន ដែល មានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០២១ ។ ទន្ទឹមនឹងនេះ ក៏ត្រូវពង្រឹងក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្ស តាំងពីគណៈកម្មធិការសាខាបក្សភូមិ ដល់ក្រុមបក្ស ដើម្បីឱ្យមានរចនាសម្ព័ន្ធគ្រប់គ្រាន់ក្នុងការដឹកនាំ ក្នុងនោះក៏ត្រូវ ពង្រឹងរបៀបរបបធ្វើការងារឱ្យបានទៀងទាត់ម៉ត់ចត់។

បន្ទាប់ពីពិធីសន្និបាតគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំចប់ ឯកឧត្តមបណ្ឌិត ប៉ែន សូត្រ សមាជិកក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ធំ ជាប្រធានកិត្តិយសគណបក្សចុះមូលដ្ឋានឃុំឈូក អមដំណើរដោយលោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ និងសហការីបានចុះពិនិត្យសមិទ្ធផលមួយចំនួនកំពុងអភិវឌ្ឍស្ថិតនៅឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។