លោកជំទាវ លំ គន្ធារី ជំរុញឱ្យមន្ត្រីគណបក្សខិតខំពង្រឹងចាត់តាំងដល់ថ្នាក់មូលដ្ឋាន ដើម្បីអនុវត្តកម្មវិធីគោលនយោបាយរបស់បក្ស


(កំពង់ធំ)÷ ព្រឹកថ្ងៃទី១២ ខែមករាឆ្នាំ២០២២ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អភិបាលរងស្រុក លោក លោកស្រីដែលជាសមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំ អញ្ជើញជាអធិបតីក្នុងពិធីសន្និបាតគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំត្រពាំងឫស្សី ស្ថិតនៅភូមិស្នោឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានមានប្រសាសន៍ដូចតទៅ ខិតខំពង្រឹងចាត់តាំងគណបក្សគ្រប់ថ្នាក់ពីថ្នាក់ខេត្តដល់មូលដ្ឋាន និងកម្មវិធីនយោបាយរបស់គណបក្សដើម្បីគាំទ្រ និងចូលរួមការពារគណបក្សគ្រប់កាលៈទេសៈ ។ ខិតខំកសាង និងពង្រឹងគណបក្សលើវិស័យសតិអារម្មណ៍ ដោយគាំទ្រ និងចូលរួមការចាត់តាំងគណបក្សនៅមូលដ្ឋាន ក្នុងការឃោសនាអប់រំប្រជាជនពីសភាពការណ៍រីកចម្រើន។ ការចាត់តាំងគណបក្សនៅមូលដ្ឋាន ពិសេសថ្នាក់ឃុំ-សង្កាត់ ភូមិ ដើម្បីគ្រប់គ្រងពង្រឹង ពង្រីក សមាជិកបក្ស និងអ្នកគាំទ្រគណបក្ស ដោយធ្វើបច្ចុប្បន្នភាពសមាជិកគណបក្សជាប្រចាំ ។ ខិតខំកសាង និងពង្រឹងគណបក្សលើវិស័យហិរញ្ញវត្ថុ ដោយគាំទ្រ និងចូលរួមក្នុងការកៀរគរ មធ្យោបាយ សម្ភារ ថវិកាពីប្រភពស្របច្បាប់នានា ដើម្បីបំរើសកម្មភាពនយោបាយរបស់គណបក្ស ។ គាំទ្រចូលរួមជាមួយការចាត់តាំងគណបក្សនៅមូលដ្ឋាន រៀបចំសកម្មភាពដើម្បីអនុវត្ត ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ ខាងមុខនេះ។

ប្រសាសាន៍សំណេះសំណាលរបស់លោកជំទាវ ត្រូវធ្វើជាស្នូលនៃសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់គណបក្ស និងធ្វើជាគម្រូដល់សមាជិកគណបក្ស និងអ្នកគាំទ្រគណបក្ស ក៏ដូចមហាជនទូទៅ។ ខិតខំកសាងទំនាក់ទំនងល្អជាមួយមហាជន សហការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក និងធ្វើអំពើល្អជាមួយប្រជាជនគ្រប់មូលដ្ឋាន សំដៅលើកកម្ពស់ប្រជាប្រិយភាពរបស់គណបក្ស និងទទួលបានការគាំទ្របន្ថែមទៀតចំពោះ គណបក្សប្រជាជនកម្ពុជា ។

ជាចុងក្រោយលោកជំទាវ ក៏បានផ្ដាំផ្ញើ ក្រុមការងារចុះជួយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីបន្តអនុវត្តសម្រេចស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ខាងមុខនេះ ។