ឯកឧត្តម ស សុខា អញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាប៉េតង់ ដណ្តើមពានរង្វាន់គណៈកម្មាធិការគណបក្ស ខេត្តកំពង់ធំ ឆ្នាំ២០២២


(កំពង់ធំ)÷ ពិធីបិទការប្រកួតកីឡាប៉េតង់ ដណ្ដើមពានរង្វាន់គណ:កម្មាធិការគណបក្សខេត្តកំពង់ធំ បានប្រារព្ធក្រោមអធិបតីភាព ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្តាល និងលោកជំទាវ នារសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ប្រកបដោយសេចក្តីរីករាយក្រៃលែង អមដំណើរដោយឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងមានការអញ្ជើញអភិបាលរងខេត្ត ប្រធានអនុប្រធានមន្ទីរ កីឡាករកីឡាការិនី សហភាពសហព័ន្ធយុវជន និងមន្ត្រីរាជការជាច្រើនរូបផងដែរ។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ស សុខា មានប្រសាសន៍ ពីការបិទការប្រកួតកីឡាប៉េតង់ ដើម្បីចូលរួម អបអរសាទរ ខួបលើកទី៤៣ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២២) ដោយសារមាន ថ្ងៃជ័យជម្នះ ៧មករា និងមានសន្ដិភាព ទើបធ្វើឲ្យយុវជន មានឱកាសជួបជុំគ្នាលេងកីឡា ដើម្បីសុខភាពមិត្តភាព និងសាមគ្គីភាពដូចបច្ចុប្បន្ន។

ឯកឧត្តមក៍បានបន្តទៀតថា ការប្រកួតនេះ ក៏ជាឱកាស ជ្រើសរើសកីឡាករ-កីឡាការិនីមានសមត្ថភាព និងទេពកោសល្យល្អ ក៏ដូចជា ជំរុញយុវជន និងប្រជាពលរដ្ឋ ក្នុងខេត្ត ឲ្យលេងកីឡា ស្របតាមយុទ្ធនាការជាតិ ដែលដាក់ចេញដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាគឺ «ប្រជាជនម្នាក់ លេងកីឡាមួយមុខ» ផងដែរ ។

គួរបញ្ជាក់ផងដែរថា ការប្រកួតកីឡា ប៉េតង់ ដណ្តើមពានរង្វាន់ គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ឆ្នាំ២០២២ ឆ្លងកាត់ការប្រកួតរយៈពេលពីរថ្ងៃពេញ ក្រុមទទួលបានជ័យលាភីមានដូចខាងក្រោម៖ វិញ្ញសាពានតូច ចំណាត់ថ្នាក់លេខ១ក្រុមដំរីជាន់ខ្លា។ចំណាត់ថ្នាក់លេខ២ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ២។ចំណាត់ថ្នាក់លេខ៣ ក្រុមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ១និងក្រុមវិទ្យាល័យទួលក្បិល។ វិញ្ញាសាពានធំ÷(ចំណាត់ថ្នាក់លេខ១ក្រុមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
៣)។(ចំណាត់ថ្នាក់លេខ២ក្រុម CPP កំពង់ធំ៣ ) ។(ចំណាត់ថ្នាក់លេខ៣ ក្រុមគូបប៊លចំណាត់ថ្នាក់លេខ៣ស្ទនក្រុម CPP កំពង់ធំ១)៕