អាជ្ញាធរខេត្តកំពង់ធំ រៀបចំការប្រកួតកីឡាប៉េតង់ ដណ្តើមពានរង្វាន់គណៈកម្មាធិការគណបក្សខេត្តកំពង់ធំ ឆ្នាំ២០២២


(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតី ក្នុងពិធីបើកការប្រកួតកីឡាប៉េតង់ ដណ្តើមពានរង្វាន់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ឆ្នាំ២០២២ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍ថា កម្មវិធីប្រកួតកីឡាករប៉េតង់ បានរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។ ឯកឧត្តមបន្ថែមទៀតថា ការគូប្រកួតករប៉េតង់នេះ មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៦-៧ ខែមករា ឆ្នាំ២០២២ មកពីខេត្តបាត់ដំបង ស្វាយរៀង ព្រៃវែង ព្រះវិហារ សៀមរាប កំពង់ធំ និងមានការអញ្ជើញចូលរួមពីក្រសួងមហាផ្ទៃ ដែលមានកីឡាករ កីឡាការិនីសរុបចំនួន ១៧២នាក់។

ឯកឧត្តមក៏បានបន្តទៀតថា កម្មវិធីប្រកួតកីឡាករប៉េតង់ចាត់ទុកថាជាថ្ងៃជ័យជម្នះប្រវត្តិសាស្ត្រខ្មែរយើង អបអរសាទរទាំងអស់គ្នាគឺអរគុណសន្តិភាព មានសន្តិភាពយើងបានជួបជុំគ្នា កម្មវិធីប្រកួតកីឡាបានជាកិច្ចការមួយនេះល្អណាស់ដែលប្រមុខរដ្ឋាភិបាល បានអំពាវនាវដល់មនុស្សម្នាក់ ឲ្យមានកីឡាមួយយ៉ាងតិច លេងកីឡាដើម្បីជួយដល់សង្គមផងជួយដល់ខ្លួនឯងផង មានកាយសម្បទារឹងមាំ សុខភាពល្អ ជាពិសេសមានទំនាក់ទំនងស្គាល់គ្នារវាងខេត្តនិងខេត្ត ក្លិបនិងក្លិប ។ ហើយការប្រកួតកីឡានេះ ទទួលបានលទ្ធផលចាញ់ឈ្នះជារឿងធម្មតា ដើម្បីជាការផ្លាស់ប្ដូរបទពិសោធន៍។

ចុងក្រោយឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ សូមកោតសរសើរដល់ ថ្នាក់ដឹកនាំគណបក្សគ្រប់កម្រិត របស់គណៈកម្មការរៀបចំការប្រកួត បានផ្ដួចផ្ដើមគំនិត និងការរៀបចំទីតាំងបានសមរម្យ និងប្រតិភូទាំងអស់ដែលបានចូលរួមផ្តល់កិត្តិយសនៅក្នុងការប្រកួតកីឡាប៉េតង់នេះ។