ឯកឧត្តម សុក ហៃ ប្រធានគណៈឃោសនាអប់រំគណបក្សខេត្ត និងជាប្រធានគណៈកម្មការច្បាប់ និងនីតិវិធីបោះឆ្នោតខេត្តគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អញ្ជើញបិទវគ្គបំពាក់បំប៉នបន្ថែមដល់ឃោសនិក និងភ្នាក់ងារគណបក្សប្រជាជនកម្ពុជាមកពីបណ្ដាឃុំទាំង១០ ក្នុងស្រុកបារាយណ៍។
នៅក្នុងឱកាសនោះដែរឯកឧត្តម សុក ហៃ បានថ្លែងអំណរគុណក្មួយៗ បងៗ ទាំងអស់ ធ្វើជាភ្នាក់ងារគណបក្សប្រជាជនកម្ពុជា ដែលបានចំណាយពេលវេលាផ្ទាល់ខ្លួន ក្នុងការជួយបំពេញយន្តការច្បាប់នៃការបោះឆ្នោតនាពេលខាងមុខនេះ។ លើសពីនេះទៀតឯកឧត្តម បានជំរុញដល់សមាជិកសមាជិកានៃគណបក្ស សូមខិតខំចុះតាមខ្នងផ្ទះ ដើម្បីធ្វើការឃោសនាអំពីគោលនយោបាយ និងសមិទ្ធិផលនានារបស់គណបក្ស ព្រមទាំងកៀងគរមិត្តភក្តិ ក៏ដូចជាសាច់ញាតិ ក្រុមគ្រួសារឲ្យមកគាំទ្រគណបក្សប្រជាជន ធ្វើយ៉ាងណា ឲ្យសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកពិតប្រាកដ ហើយទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។ ឯកឧត្តមបន្ថែមទៀតថា គណ បក្សប្រជាជនកម្ពុជា គឺជាគណបក្សចាស់ទុំ មានវ័យចំណាស់ជាងគេ និងបទពិសោធន៍ គ្រប់គ្រាន់ក្នុងការគ្រប់គ្រង និងអភិវឌ្ឍប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ និងកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែង។
ចុងបញ្ចប់ឯកឧត្តម សុក ហៃ ក៏បានសំណូមពរដល់ក្រុមការងារទាំងអស់សូមបង្កើនកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឱ្យបានស្អិតរមួតជាធ្លុងមួយដើម្បីធ្វើយ៉ាងណានាំសមាជិកគណបក្ស ទៅបោះឆ្នោតឲ្យបានច្រើនគ្រប់ៗគ្នា ហើយការបោះឆ្នោតគ្មានអំពើហិង្សា ការបោះឆ្នោតដោយរលូនប្រកបដោយយុត្តិធម៌ត្រឹមត្រូវ។ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនាឆ្នាំ២០២២ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។