ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ក្រើនរំលឹកដល់ក្រុមការងារ និងសមាជិកសមាជិកាគណបក្សទាំងអស់ ខិតខំបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីយកជ័យជំនះជូនគណបក្សប្រជាជនឈ្នះដាច់គ្រប់អាណត្តិ


(ខេត្តកំពង់ធំ): ឯកឧត្តម ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានក្រើនរំលឹកដល់ក្រុមការងារ និងសមាជិកសមាជិកាគណបក្សទាំងអស់ ខិតខំបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីយកជ័យជំនះជូនគណបក្សប្រជាជនកម្ពុជាឈ្នះដាច់ នៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២២។

ការថ្លែងយ៉ាងដូច្នេះ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកសមាជិកានៃគណបក្សប្រជាជនកម្ពុជាប្រមាណជាង ៥០០នាក់ នៅស្រុកប្រាសាទបល័ង្ក ខេត្តកំពង់ធំ ។

ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម ងួន រតនៈ បានជំរុញដល់ក្រុមការងារ និងសមាជិកសមាជិកាគណបក្ស យកចិត្តទុកដាក់បន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋតាមខ្នងផ្ទះឱ្យបានញឹកញាប់ ដើម្បីផ្សារភ្ជាប់ជាមួយនឹងជីវភាពរស់នៅរបស់បងប្អូន និងនាំសាច់ញាតិ សមាជិកក្រុមគ្រួសារ និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា សមាជិកម្នាក់ត្រូវក្លាយជាសន្លឹកឆ្នោតមួយសន្លឹកពិតប្រាកដ ។

ជាមួយគ្នានោះដែរឯកឧត្តម ងួន រតនៈ ក៏បានថ្លែងអំណរគុណ ដល់ក្រុមការងារនិងសមាជិកសមាជិកាគណបក្ស និងអ្នកគាំទ្រគណបក្សទាំងអស់ ដែលបានចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីស្វែងរកសំឡេងឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស បន្តដឹកនាំអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន និងរក្សាបាននូវកត្តាសុខសន្តិភាពជូនប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា ។

ចុងក្រោយ ឯកឧត្តម ងួន រតនៈ បានលើកឡើងអំពីសមិទ្ធផលធំៗជាច្រើន និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានគិតគូរសុខទុក្ខ និងសុខមាលភាពជូនបងប្អូនប្រជាពលរដ្ឋ ដោយបានផ្ដល់ជាកញ្ចប់ថវិកាប្រចាំខែជូនប្រជាពលរដ្ឋដែលមានជីវភាព ក្រ១ ក្រ២។ ការខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ចាប់ពីកុមារអាយុ ៣ ឆ្នាំ រហូតដល់មនុស្សចាស់ និងគម្រោងចែកដីសម្បទានសង្គមកិច្ច ជូន ប្រជាពលរដ្ឋខ្វះខាតដី។