ឯកឧត្តម ងួន រតនៈ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅស្រុកបារាយណ៍ និងស្រុកសន្ទុក


ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងផ្សព្វផ្សាយការងារកាត់ឆ្វៀលដីតំបន់២ មកតំបន់១ ចំនួន ៣.៦០៩ក្បាលដី ស្មើនឹង ១.៨១៤គ្រួសារ ក្នុងនោះប្រជាពលរដ្ឋនៅឃុំត្នោតជុំ និងឃុំចុងដូង ស្រុកបារាយណ៍ មានចំនួន ២៥៧ក្បាលដី ស្មើនឹង ៦៣៦គ្រួសារ និងឃុំតាំងក្រសាំង ឃុំជ្រាប់ និងឃុំកកោះ ស្រុកសន្ទុក មានចំនួន ៣.៣៥២ក្បាលដី ស្មើនឹង ១.១៧៨គ្រួសារ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។

ថ្លែងនៅក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម  បានបញ្ជាក់ថា ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យអាជ្ញាធរខេត្តដែលមានព្រំប្រទល់ជាប់នឹងបឹងទន្លេសាប ត្រូវកំណត់ជាថ្មីព្រំប្រទល់តំបន់៣ និងតំបន់២ បឹងទន្លេសាប ដោយផ្អែកលើភាពចាំបាច់ និងជាក់ស្តែង ព្រោះ បឹងទន្លេសាប មានវិសាលភាពធំទូលាយគ្របដណ្តប់លើខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប និងកំពង់ធំ ដែលមានការលំបាកក្នុងគ្រប់គ្រង ទាមទារឱ្យមានកិច្ចសហការខ្ពស់ ដើម្បីរក្សាផ្ទៃដីព្រៃលិចទឹកបឹងទន្លេសាបធានានិរន្តរភាពជីវចម្រុះ។

ជាមួយគ្នានោះដែរ ឯកឧត្តម បានលើកឡើងអំពីការកំណត់ព្រំប្រទល់រវាងដីរដ្ឋ និងដីឯកជន នៅក្នុងតំបន់បឹងទន្លេសាប ជូនដល់ប្រជាពលរដ្ឋឱ្យបានយល់ អំពីបញ្ហាទាក់ទងទៅនឹងព្រំប្រទល់រវៀងដីតំបន់៣ និងតំបន់២ ហើយដីតំបន់២ ដែលជាតំបន់គ្រាន់តែអាចរស់នៅ និងអាស្រ័យផលតែប៉ុនណ្ណោះ ប៉ុន្តែមិនឲ្យមានសិទ្ធិចាត់ចែង និងលក់ដូរបានទេ។

ដោយទទួលបានព័ត៌មាន ពីអាជ្ញាធរឃុំ អាជ្ញាធរស្រុក ពាក់ព័ន្ធទៅនឹងទុក្ខកង្វល់សុវត្ថិភាពនៃការរស់នៅនិងអាស្រ័យផលរបស់ប្រជាពលរដ្ឋនៅក្នុងដីតំបន់២ រដ្ឋបាលខេត្តកំពង់ធំ បានពាំនាំនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋស្នើសុំទៅសម្ដេចតេជោ តាមរយៈឯកឧត្តមបណ្តិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ក្នុងការកាត់ឆ្វៀលដីពីតំបន់២ មកតំបន់១ ចំនួន ៩.១១៤គ្រួសារ នៅលើក្រុងស្រុកចំនួន ៥ ក្នុងចំណោម ៩ក្រុងស្រុក ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

ឯកឧត្តមបន្ថែមទៀតថា បន្ទាប់ពីទទួលបានលិខិត​លេខ​ ​២​២​៤​ ​ស​ជ​ណ​.​ដប​ ​ចុះ​ថ្ងៃ​ទី​៣​០​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​ ​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​ផ្តល់​សិទ្ធិ​បន្ថែម​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​កំពុង​រស់នៅ​ ​និង​អាស្រ័យផល​ជាក់ស្តែង​នៅ​ក្នុង​ដី​តំបន់​២​ ​កាត់​ឆ្វៀល​មក​តំបន់​១​ ​អាជ្ញាធរខេត្ត បានចាត់តាំងក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធចុះសិក្សាស្រាវជ្រាវ និងពិនិត្យឲ្យអស់លទ្ធភាពក្នុងការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋពីតំបន់២ មកតំបន់១ ដើម្បីទទួលបានកម្មសិទ្ធិដីធ្លីដោយស្របច្បាប់ ។

ទន្ទឹមនឹងនោះដែរ ឯកឧត្តម បានលើកឡើងអំពីសមិទ្ធផលធំៗជាច្រើន និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានគិតគូរសុខទុក្ខ និងសុខមាលភាពជូនបងប្អូនប្រជាពលរដ្ឋ ដោយបានផ្ដល់ជាកញ្ចប់ថវិកាប្រចាំខែជូនប្រជាពលរដ្ឋដែលមានជីវភាព ក្រ១ ក្រ២ ការខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ចាប់ពីកុមារអាយុ ៣ ឆ្នាំ រហូតដល់មនុស្សចាស់ និងគម្រោងចែកដីសម្បទានសង្គមកិច្ច ជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋខ្វះខាតដី ជាពិសេសសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុ មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឲ្យបានគ្រប់ៗគ្នាដើម្បីជ្រើសរើសថ្នាក់ដឹកនាំក្នុងមូលដ្ឋានដែលអ្នកពេញចិត្ត អាចរក្សាបាននូវសុខសន្តិភាព ធ្វើអោយភូមិឃុំមានការរីកចម្រើន ។

ចុងក្រោយ ប្រជាពលរដ្ឋបានអបអរសាទរ សប្បាយរីករាយ ព្រមទាំងថ្លែងអំណរគុណដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់កាដូយ៉ាងធំ ក្នុងការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ដែលធ្វើឲ្យពួកគាត់មានសិទ្ធិពេញលេញក្នុងការរស់នៅនិងអាស្រ័យផល ជាពិសេសអាចផ្ដល់អំណោយឲ្យកូន ឬអាចលក់ដូរបាន។